(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដំណើរដោយលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលអគ្គនាយក កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម និងក្រុមការងារជាច្រើននាក់ទៀត បានចុះដោយផ្ទាល់ ពិនិត្យលើមុខទំនិញដាក់លក់ នៅផ្សារធំថ្មី នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ ព្រមទាំងបានយកម៉ាស៉ីនចល័ត ពិសោធន៍ទំនិញទៅដាក់នៅទីនោះផងដែរ។
ប្រាប់អ្នកសារព័ត៌មាន លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ឲ្យដឹងថា ក្រោយចុះត្រួតពិនិត្យមុខទំនិញគំរូ៧៥មុខ ដោយម៉ាស៊ីនពិសោធន៍ចល័ត ជាលទ្ធផលឃើញថា ទំនិញទាំងនោះ មិនមែនផ្ទុកសារធាតុគីមី ខូចគុណភាព និងគ្មានទំនិញហួសសុពលភាពនោះទេ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា «នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើន របស់កាំកុងត្រូលការពារអ្នកប្រើប្រាស់សុវត្ថិភាពម្ហូបអាហារ ដូច្នេះហើយបានជាយើងជានិច្ចជាកាលចុះមកត្រួតពិនិត្យ នៅទីផ្សារ មើលពីម្ហូបអាហារ ផ្តល់ទៅដល់ប្រជាពលរដ្ឋ មានសុវត្ថិភាពឬយ៉ាងម៉េចវិញ។ ដូចយើងឃើញស្រាប់ហើយ អំបាញ់មិញខ្ញុំបានចុះ ត្រួតពិនិត្យជាមួយ អគ្គកាំកុងត្រូល យកម្ហូបអាហារស្រស់ និងរបរផ្អាកទុក ដូចជា ប្រហុក ម៉ុាងជាដើមយកមកពិនិត្យ ដោយពិនិត្យ ពិសោធន៍ចល័ត ដែលអាចត្រួតពិនិត្យឃើញលទ្ធផលភ្លាមៗ»។
បន្ថែមពីលើនេះ លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងថា «យើងមកពិនិត្យនៅផ្សារថ្មីនេះ ពីព្រោះផ្សារនេះ មានទេសចរច្រើន ខ្លាចមានការប៉ះពាល់ ពេលមានបញ្ហាខ្លាចប៉ះពាល់ដល់ប្រទេសជាតិ។ ខ្ញុំឃើញថា មានបងប្អូនអាជីវកម្ម ក្នុងផ្សារ មានការរៀបចំល្អ មានការយកចិត្តទុកដាក់ រៀបចំការពារសុវត្ថិភាព អត់មានរ៉ុយនៅទេ ហើយអត់មានរ៉ុយរោម មិនមែនដោយសារបាញ់ថ្នាំអីនោះទេ គឺដោយសារពួកគាត់ចេះគ្រប់បានស្អាតបាត មានការជូតសំអាតអនាម័យគ្រប់គ្រាន់ ការធ្វើបែបនេះ អាចការពារដល់សុខភាព របស់ប្រជាពលរដ្ឋ ជាអ្នកហូបចុក ការពារកុំឲ្យមានការឈឺនៅពេលក្រោយ។យើងខ្ញុំធ្វើកិច្ចការនេះ ក៏ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋក៏ត្រូវតែជួយសហការ និងចូលរួមការពារដូចគ្នា ដើម្បីសុខភាពយើងទាំងអស់គ្នា»។
លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា សកម្មភាពចុះត្រួតពិនិត្យនេះ នឹងធ្វើឡើងនៅគ្រប់ផ្សារក្នុងរាជធានីភ្នំពេញទៀត ដើម្បីស្វែងរកទំនិញ ដែលមានគុណភាព ឬមានសារធាតុគីមី លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា។
លោកបន្តថា ការធ្វើបែបនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ និងប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស។
លោក ម៉ក ពេជ្ររិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានលើកឡើងថា នេះជាលើកទីមួយហើយ ដែលអគ្គនាយកដ្ឋានកាំកុង ត្រូល បានយករថយន្តពិសោធន៍ចល័ត ដែលទើបសម្ពោធថ្មីៗ យកមកពិនិត្យ និងពិសោធន៍ទំនិញចំនួន ៧៥មុខ នៅក្នុងផ្សារធំថ្មីនេះ៕