Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក កឹម សុខា ដែលទើបក្លាយជាប្រធានក្រុមមតិភាគតិចជំនួសលោក សម រង្ស៊ី បានអំពាវនាវឱ្យចៀសវាងនូវការជេរប្រមាថ លាបពណ៌ នាំឱ្យមានការបែកបាក់សង្គម (Video inside)

07-12-2016 09:27

(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិច នៅក្នុងរដ្ឋសភា បានអំពាវនាវឱ្យសាធារណជនទាំងអស់ ចៀសវាងនូវការជេរប្រមាថ លាបពណ៌ ដែលនាំឱ្យមានការឈឺចាប់ និងការបែកបាក់សង្គមកម្ពុជា។

ការអំពាវនាវនេះបានធ្វើឡើងនៅក្នុងពិធីប្រជុំសភាពេញអង្គ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ដែលជាការចូលរួមប្រជុំលើកដំបូងរបស់ លោក កឹម សុខា ក្នុងរយៈពេលជាង១ឆ្នាំមកនេះ បន្ទាប់ពីរដ្ឋសភា បានឆ្នោតទម្លាក់លោក ចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា ។

លោក កឹម សុខា ដែលទើបក្លាយជាប្រធានក្រុមមតិភាគតិចជំនួសកន្លែងលោក សម រង្ស៊ី បានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា «ចៀសវាងនូវការជេរប្រមាថ លាបពណ៌ នាំឱ្យមានការឈឺចាប់ នាំឱ្យមានការបែកបាក់សង្គម នេះគឺជាអ្វីដែលខ្ញុំ បានជជែកជាមួយសម្តេចនាយករដ្ឋមន្រ្តី ហើយយើងព្យាយាមធ្វើកិច្ចការនេះឱ្យសម្រេចដល់គោលដៅ ដែលយើងចង់បានទាំងអស់គ្នា»

លោក កឹម សុខា បានបញ្ជាក់ថា អ្វីដែលគណបក្សនយោបាយ ត្រូវបន្តធ្វើទៅមុខទៀតនោះ គឺជាការស្វែងរកឯកភាពជាតិ ដើម្បីឱ្យជាតិកម្ពុជា បានរីកចំរើន ហើយលោកស្នើ គ្រប់ភាគីទាំងអស់ មានការប្រុងប្រយ័ត្ន កុំឱ្យដំណើរនេះមិនដល់គោលដៅ។ លោក កឹម សុខា បានថ្លែងថា «ថ្ងៃនេះ ជាថ្ងៃចាប់ផ្តើម ហើយកុំឱ្យមាន គឺយើងត្រូវប្រុងប្រយ័ត្ន គឺប្រុងប្រយ័ត្នទាំងអស់គ្នា ធ្វើយ៉ាងម៉េចកុំឱ្យមានការរំខានណាមួយ ដែលធ្វើឱ្យដំណើរការរបស់យើងអត់ដល់គោលដៅរបស់យើង អញ្ចឹងខ្ញុំសូមបងប្អូនជនរួមជាតិខ្មែរទាំងអស់ លោកមេត្តារង់ចាំមើល សូមលោកចូលរួមជាមួយយើងខ្ញុំ ធ្វើដំណើរទៅដល់គោលដៅមួយ ឯកភាពជាតិ សន្តិភាព និងអភិវឌ្ឍសម្រាប់ជាតិ និងប្រជាពលរដ្ឋរបស់យើង»

សូមបញ្ជាក់ថា លោក កឹម សុខា ទើបនឹងទទួលបានការប្រទានលើកលែងទោសពីព្រះមហាក្សត្រ ហើយកាលពីម្សិលមិញនេះ លោកទទួលបានតំណែងជាប្រធានក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ហើយក៏ជាប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភា ផងដែរ៕