(ភ្នំពេញ)៖ ការចេញសេចក្តីប្រកាសទទួលស្គាល់លោក កឹម សុខា ជាប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្ត និងប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា គឺជារឿងត្រឹមត្រូវ ស្របតាមប្រការ ៤៨ ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ព្រោះថាលោក សម រង្ស៊ី បានបាត់បង់សមាជិកភាពជាសមាជិកនៃរដ្ឋសភាហើយ នេះបើយោងតាមលោក ឡេង ប៉េងឡុង អ្នកនាំពាក្យ និងជាអគ្គលេខាធិការនៃរដ្ឋសភា ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោក ឡេង ប៉េងឡុង បានបញ្ជាក់យ៉ាងដូច្នេះថា «លោក សម រង្ស៊ី បានបាត់បង់សមាជិកភាពជាសមាជិកនៃរដ្ឋសភា ដូចនេះលោកសម រង្ស៊ី មិនមាន និងមិនត្រូវមាន តួនាទីណាមួយនៅក្នុងរដ្ឋសភាឡើយ។ ដូចនេះតំណែងប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្តនៃគណបក្ស និងប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ក៏ត្រូវបាត់បង់ផងដែរ»។
មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យរដ្ឋសភាដដែលរូបនោះបានអះអាងបន្ថែមថា «យោងតាមប្រការ៤៨ថ្មី (បី) គណបក្សដែលមានអាសនៈក្នុងរដ្ឋសភាចាប់ពី ៥% ឡើងទៅអាចរៀបចំឲ្យមានថ្នាក់ដឹកនាំតំណាងរាស្រ្ត នៃគណបក្សនយោបាយ ហើយបើគណបក្សនោះមានអាសនៈក្នុងរដ្ឋសភាចាប់ពី២៥% ឡើងទៅ និងនៅ ក្រៅរាជរដ្ឋាភិបាល នោះប្រធានដឹកនាំតំណាងរាស្រ្ត នៃគណបក្សនយោបាយនោះ មានឈ្មោះហៅថា ប្រធានក្រុមមតិភាគតិចនៅរដ្ឋសភាដែលជាដៃគូសន្ទនា ជាមួយនាយករដ្ឋមន្រ្តី។ ប្រការនេះបានបញ្ជាក់យ៉ាងច្បាស់ថា តំណែងប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្តនៃគណបក្ស និងប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា គឺជាមុខតំណែងដែលជាប់គ្នា និងមិនបំបែកពីគ្នាទេ»។
លោក ឡេង ប៉េងឡុង បានបន្តបញ្ជាក់ទៀតថា «កាលពីឆ្នាំ២០១៥ រដ្ឋសភាក៏ធ្លាប់បានអនុវត្តការទទួលស្គាល់ដូចគ្នានេះដែរ គឺលោក សម រង្ស៊ី ជាប្រធានថ្នាក់ ដឹកនាំតំណាងរាស្រ្ត នៃគណបក្សសង្រ្គោះនៅរដ្ឋសភាផង និងជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភាផង»។
នៅរាត្រីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញ រដ្ឋសភាបានចេញសេចក្តីប្រកាសទទួលស្គាល់សមាសភាពថ្មី នៃថ្នាក់ដឹកនាំតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ និងបានទទួលស្គាល់ លោក កឹម សុខា ជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ជំនួសតំណែង លោក សម រង្ស៉ី។ នេះបើតាមសេចក្តីប្រកាសរបស់ រដ្ឋសភាដែល Fresh News ទទួលបាននៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ។
តាមរយៈសេចក្តីប្រកាសដែលចុះហត្ថលេខាដោយ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជាក់ថា សមាសភាពថ្មីរបស់ថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិនៅក្នុងរដ្ឋសភា ពេលនេះរួមមាន លោក កឹម សុខា ជាប្រធាន, លោក យឹម សុវណ្ណ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញឫទ្ធិ ជាអនុប្រធាន។ ជាមួយគ្នានេះ រដ្ឋសភា ក៏បានបញ្ជាក់ដែរថា លោក កឹម សុខា ប្រធានថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិ គឺជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា។
សូមបញ្ជាក់ថា សេចក្តីប្រកាសរបស់រដ្ឋសភា ចេញថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅបានប្រកាសថា៖ លោក សម រង្ស៊ី ត្រូវបានបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា មណ្ឌលកំពង់ចាម នីតិកាលទី៥ ដែលសេចក្តីប្រកាសនោះត្រូវបានចុះហត្ថលេខាដោយសម្តេចពញាចក្រី ហេង សំរិន។
ខាងក្រោមនេះជាលិខិតប្រកាសទទួលស្គាល់លោក កឹម សុខា និងលិខិតមួយទៀតប្រកាសអំពីការបាត់បង់សមាជិកភាពជាសមាជិករដ្ឋសភា៖