(ភ្នំពេញ)៖ ថ្លែងនៅក្នុងកិច្ចប្រជុំសភានាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ លោក កឹម សុខា ដែលទើបទទួលបានតំណែងជាប្រធានក្រុមមតិភាគតិចនៃរដ្ឋសភាថា តំណែងតួនាទីមិនសំខាន់នោះទេ សំខាន់គឺត្រូវធ្វើយ៉ាងណានាំមកនូវការឯកភាពជាតិ និងនាំមកនូវប្រយោជន៍សម្រាប់ជាតិ ដូចដែលរូបលោកបានពិភាក្សាផ្ទាល់ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ប្រធានក្រុមមតិភាគតិចនៃរដ្ឋសភា លោក កឹម សុខា បានបន្តថ្លែងទៀតថា លោកបានពិភាក្សាជាមួយសម្តេចនាយករដ្ឋមន្ត្រី ហើយបានរកឃើញគំនិតរួម មួយចំនួនសំរាប់អភិវឌ្ឍន៍សង្គម និងស្វែងរក ឯកភាពជាតិ។ ការរិះគន់ប្រកបដោយស្ថាបនា និងរក្សាតម្លៃថ្លៃថ្នូរគឺស្វាគមន៍ ហើយលោកក៏សូមអរគុណ អង្គសភាទាំងមូលដែលបានដោះស្រាយបញ្ហាខ្មែរ និងខ្មែរ។ សុំឲ្យប្រជាជនតាមដានមើលអំពីការធ្វើការដោយប្រុងប្រយ័ត្នអំពីទង្វើបស់យើង។
លោក កឹម សុខា ក៏បានអំពាវនាវឲ្យមានការអត់ធ្មត់ និងបញ្ឈប់រាល់ការជេរប្រមាថ ដែលនាំឲ្យមានការបែកបាក់គ្នា។
នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋសភាបានបើកកិច្ចពេញអង្គ ដោយមានការចូលរួមពីតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើការបោះឆ្នោតអនុម័តចំពោះការដាក់បេក្ខភាព លោក សួន រីដា ជំនួសតំណែងតំណាងរាស្រ្តរបស់ លោក ប៉ែន សុវណ្ណ ដែលមកពីគណបក្សសង្រ្គោះជាតិ ដែលបានទទួលមរណភាព។
រដ្ឋសភាចាប់ផ្តើមកិច្ចប្រជុំពេញអង្គរបស់ខ្លួន នៅវេលាម៉ោង៨ព្រឹកនេះ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអញ្ជើញចូលរួមកិច្ចក្នុងប្រជុំសភាពនេះដែរ។ ចំណែកប្រធានក្រុមមតិភាគតិចលោក កឹម សុខា ក៏មានវត្តមានចូលរួមប្រជុំសភាពេញអង្គនៅព្រឹកថ្ងៃនេះ បន្ទាប់ពីអវត្តមានជាង១ឆ្នាំកន្លងមក។
វត្តមាននៅក្នុងកិច្ចប្រជុំសភានាពេលនេះ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ៦៥សម្លេង និងគណបក្សសង្រ្គោះជាតិ៣៩សម្លេង៕