(ភ្នំពេញ)៖ នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ពន្យល់អំពីការតែងតាំងប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្ត និងប្រធានក្រុមមតិភាគតិច នៅកិច្ចប្រជុំសភាពេញអង្គថា តំណែងទាំងពីរនេះគឺតែមួយមិនអាចដាច់ពីគ្នាទេ នេះបើយោងតាមមាត្រា៤៨ថ្មី (៣) នៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ហើយសម្តេចក៏បានប្រកាសថា ចាប់ពីពេលនេះតទៅ លោក កឹម សុខា គឺជាដៃគូសន្ទនាជាមួយសម្តេចផ្ទាល់។
សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា លោក កឹម សុខា គឺជាដៃគូពិភាក្សាការងារសភាជាមួយសម្តេចក្រឡា ហោម ស ខេង ហើយជាដៃគូពិភាក្សារឿងប្រទេសជាតិ ជាមួយនិងសម្តេចផ្ទាល់តែម្តង។
នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋសភាបានបើកកិច្ចពេញអង្គ ដោយមានការចូលរួមពីតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើការបោះឆ្នោតអនុម័តចំពោះការដាក់បេក្ខភាព លោក សួន រីដា ជំនួសតំណែងតំណាងរាស្រ្តរបស់ លោក ប៉ែន សុវណ្ណ ដែលមកពីគណបក្សសង្រ្គោះជាតិ ដែលបានទទួលមរណភាព។
រដ្ឋសភាចាប់ផ្តើមកិច្ចប្រជុំពេញអង្គរបស់ខ្លួន នៅវេលាម៉ោង៨ព្រឹកនេះ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអញ្ជើញចូលរួមកិច្ចក្នុងប្រជុំសភាពនេះដែរ។ ចំណែកប្រធានក្រុមមតិភាគតិចលោក កឹម សុខា ក៏មានវត្តមានចូលរួមប្រជុំសភាពេញអង្គនៅព្រឹកថ្ងៃនេះ បន្ទាប់ពីអវត្តមានជាង១ឆ្នាំកន្លងមក។
វត្តមាននៅក្នុងកិច្ចប្រជុំសភានាពេលនេះ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ៦៥សម្លេង និងគណបក្សសង្រ្គោះជាតិ៣៩សម្លេង៕