(ភ្នំពេញ)៖ តាមលិខិតប្រកាសរបស់រដ្ឋសភាលេខ៦៦៧ ចុះថ្ងៃទី ១៦ ខែវិច្ចិកា ឆ្នាំ២០១៥ តាមខ្លឹមសារបានបញ្ជាក់ថា លោក សម រង្ស៊ី បាត់បង់ ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិកភាពរដ្ឋសភា។ ក្រោយថ្ងៃព្រះករុណាចេញព្រះរាជក្រឹត្យលើកលែងទោស លោក កឹម សុខា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៦ គណបក្សសង្គ្រោះជាតិ បានប្រញាប់ប្រញាល់ដាក់សំណើទៅកាន់ប្រធានរដ្ឋសភាភ្លាម ដើម្បីកែសម្រួលសមាសសភាពអ្នកដឹកនាំថ្មីរបស់គណបក្សសង្គ្រោះជាតិរួមមាន លោក កឹម សុខា ជាប្រធាន, លោក យឹមសុវណ្ណ និងលោក យ៉ែម បុញ្ញឫទ្ធិ ជាអនុប្រធាន។
ការវិវឌ្ឍន៍ថ្មីនៃសភាពការណ៍នយោបាយ និងដំណោះស្រាយស្របតាមគោលការណ៍និតិរដ្ឋ ធ្វើឲ្យមានការសាទរពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិជាទូទៅ។ អ្វីដែលបានដុតកំដៅនោះមិនមែននយោបាយទេ គឺបុគ្គលនយោបាយម្នាក់ជាទណ្ឌិតបានប្រកាសតាមរលកធាតុអាកាសលើបណ្តាញសង្គមដោយវង្វេងវង្វាន់ថា គណបក្សសង្គ្រោះជាតិនឹងទទួលបានសម្លេងបោះឆ្នោតគាំទ្រតាមបែបផ្សារហ៊ុនទៅវិញ ព្រោះគណបក្សប្រជាជន នឹងកើនសម្លេង២០% បានន័យថា លោក សម រង្សី បានក្លាយជាគ្រូទាយជំនួសឲ្យអាជីពជាអ្នកនយោបាយដោយគាំទ្រគណបក្សប្រជាជនទៅវិញ។
បើតាមការទស្សន៍ទាយអំពីការកើនឡើងនៃតួលេខមែននោះគឺថាគណបក្សប្រជាជន នឹងអាចទទួលបានកៅអីចំនួន ២៤អាសនៈ បន្ថែមលើ៦៨ ដែលកំពុងមានបច្ចុប្បន្ន សរុបគណបក្សប្រជាជននឹងទទួលបាន៩២អាសនៈ ហើយគណបក្សដ៍ទៃនឹងទទួលបានសម្លេង១០% ស្មើនឹង១២អាសនៈ ដូច្នេះគណបក្សសង្គ្រោះជាតិនៅសល់តែ ២១ អាសនៈទេ លើ១២៥ អាសនៈនៃរដ្ឋសភាទាំងមូល (ខេត្តព្រះសីហនុមាន៣អាសនៈ)។
ម្យ៉ាងទៀតទណ្ឌិត សម រង្សី នៅតែបង្ហាញមហិច្ចតាបន្តជាមេដឹកនាំក្រុមសភាមតិភាគតិច ដើម្បីមានបុព្វសិទ្ធិស្មើនាយករដ្ឋមន្ត្រីសម្រាប់ជជែកការងារជាតិធំៗ ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅពេលដែលរដ្ឋសភាសម្រេចទទួលយកតាមសំណើររបស់គណបក្សសង្គ្រោះជាតិ តែងតាំងលោក កឹម សុខា ជាផ្លូវការរួចស្រេចទៅហើយ។ សរុបសេចក្តីមកទណ្ឌិត សម រង្សី បានទទួលស្គាល់ការបរាជ័យមួយដោយបាត់បង់ការចងចាំថា ខ្លួនមិនបានចុះឈ្មោះបោះឆ្នោត ហើយតាមរយៈការទស្សទាយតាមបែបផ្សារហ៊ុន ខ្លួនគាត់នៅតែជឿជាក់ថា សម្តេចតេជោ ហ៊ុន សែន នឹងបន្តដឹកនាំជានាយករដ្ឋមន្ត្រីក្នុងឋានៈជាប្រធានគណបក្ស ឈ្នះឆ្នោតនៅអណត្តិបន្តទៀតដដែល៕