(ភ្នំពេញ)៖ ក្រុមអន្តរាគមន៍ពិសេស ដែលហៅថា ដំបងជ័យរបស់ក្រុង ចុះជួយខណ្ឌសែនសុខ បានរងការចោទប្រកាន់ ពីក្មេងស្ទាវមួយក្រុម មានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងថា បានដាក់ថ្នាំញៀនលើពួកគេ ដើម្បីទារលុយ ប៉ុន្តែក្រុមដំបងជ័យបានបដិសេធ ពោលពិតជាបានរកឃើញថ្នាំញៀន១កញ្ចប់តូច នៅលើដីជិតក្រុមក្មេងទាំងនោះមែន។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនាម៉ោងជាង២រំលងអាធ្រាត្រ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ កែងនឹងផ្លូវទេពផន ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រជាពលរដ្ឋបាននិយាយថា ស្ទើរតែរាល់យប់គេតែងតែឃើញ កម្លាំងដំបងជ័យមួយក្រុមជិះម៉ូតូ៣ទៅ៤គ្រឿ ងតាមបណ្តោយផ្លូវ២៧១ ដើម្បីរក្សាសុវត្ថិភាព និងត្រួតពិនិត្យមុខសញ្ញាមិនល្អ តាមផ្លូវតែយប់នេះ ស្រាប់តែកម្លាំងដំបងជ័យខាងលើ ត្រូវរងការចោទប្រកាន់ពីក្រុមក្មេទំនើងមួយក្រុមថា បានហៅពួកខ្លួនកំពុងជិះម៉ូតូ តាមផ្លូវឆែកឆេរលើខ្លួន រកថ្នាំញៀននិងដាក់ថ្នាំញៀន ដើម្បីជំរិតទារលុយទៅវីញ។
តែទោះជាយ៉ាងណាក៏ដោយ កម្លាំងអន្តរាគមន៍ពិសេស បានបដិសេធថា ពួកគេមិនបានដាក់ថ្នាំញៀន ទៅលើក្រុមក្មេងទំនើងទាំងនោះ ដើម្បីជំរិតទារលុយ ដូចការលើកឡើងរបស់ក្មេងទាំង៣នាក់ នោះឡើយ។
ក្រុមដំបងជ័យបានប្រាប់ផងដែរថា នៅពេលកើតហេតុ ពួកគេបានជិះម៉តូតាមផ្លូវ២៧១ ដើម្បីល្បាតព្រោះក្រុមនេះបានអនុញ្ញាត ឲ្យចុះជួយខណ្ឌសែនសុខ ពេលយប់ ស្រាប់តែពេលកើតហេតុក្រុមខ្លួន បានប្រទះឃើញក្មេងទំនើងមួយក្រុមមានគ្នាបីនាក់ ជិះម៉ូតូមួយម៉ាក Dream C125 តាមផ្លូវ២៧១ ឃើញដូច្នេះមានការសង្ស័យក្រុមខ្លួន បានហៅឈប់ដើម្បីត្រួតពិនិត្យ តែក្មេងទំនើងទាំងនោះ បានព្យាយាមជិះម៉ូតូរត់។
ពេលនោះក្រុមខ្លួនបានដេញតាម ក៏ហៅឲ្យឈប់ បន្ទាប់មកក្រុមដំបងជ័យ បានរកឃើញថ្នាំញៀនមួយកញ្ចប់តូច នៅជិតក្មេងទំនើងទាំង៣នាក់នោះ តែបែរជាក្មេងទំនើងទាំងនោះ ចោទប្រកាន់មកលើពួកគេថា មិនដឹងជាយកថ្នាំមកពីណាដាក់ មកលើក្រុមខ្លួនដើម្បីជំរិតទារលុយ។
ក្រុមក្មេងទំនើងទាំង៣នាក់ នោះមិនព្រមទទួលឡើយ រហូតដល់មានការប្រកែកគ្នា យ៉ាងតឹងសសៃកដាក់គ្នា។
ទោះបីជាមានការប្រកែកគ្នាខ្លាំងយ៉ាងណា និងមិនទទួលស្គាល់ថា ថ្នាំញៀន១កញ្ចប់ខាងលើនេះ ជារបស់ខ្លួនយ៉ាងណាក៏ដោយ ក៏ក្រុមក្មេងទំនើងទាំងបីនាក់នោះ ត្រូវបានកម្លាំងដំបងជ័យវាយខ្នោះ បញ្ជួនទៅកាន់ប៉ុស្តិ៍ទឹកថ្លា ដើម្បីចាត់ការតាមនិតិវិធី៕