(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ចំនួន២ករណី គឺបណ្តាលមកពីគ្រឿងស្រវឹងទាំងអស់ ដោយករណីទី១ បង្កដោយបុរសម្នាក់ បើករថយន្តទាំងស្រវឹង ទៅបុកទ្រូងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ និងមួយករណីទៀត បង្កដោយអ្នកបើករថយន្តកុងតឺន័រមួយគ្រឿង បើកទៅបុកដើមឈើ ហើយរលំសង្កត់រថយន្ត ម៉ាក CRV បណ្តាលឲ្យរងការខូចខាត។
ករណីទី១៖ បុរសម្នាក់បានរងរបួសធ្ងន់ និងរថយន្តរងការខូចខាត ខាងមុខយ៉ាងដំណំ បន្ទាប់ពីបុរសរងគ្រោះខាងលើ ប្រឹងបើករថយន្តទាំងស្រវឹង ទៅបុកទ្រូងផ្លូវ ដែលស្ថិតនៅត្រង់ស្តុបណានជីង នាម៉ោង១២៖១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
សាក្សីបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត Camry ឆ្លាម មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2P-5000 ដែលបើកដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវកម្ពុជាក្រោយ ឆ្ពោះទៅផ្សារអូឫស្សី លុះបើកមកដល់ចំណុចនេះ រថយន្តបានរេចង្កូតទៅបុកទ្រូងផ្លូវ បណ្តាលឲ្យបុរសបើកបររូបនោះ រងរបួសបែកក្បាល បែកមុខ ព្រោះផ្លោងទៅបុកនិងកញ្ចក់រថយន្ត។
ក្រោយកើតហេតុរថយន្តត្រូវបាន ជំនាញចុះមកស្ទួចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយគ្នា នៅពេលក្រោយ។
ករណីទី២៖ រថយន្តកុងតឺន័រមួយគ្រឿង បើកបរដោយបុរសស្រវឹងម្នាក់ តាមបណ្តោយផ្លូវម៉ៅសេទុង ឆ្ពោះទៅផ្សារដើមគរ លុះបើកហួសដល់មុខស្ថានទូតចិន បានជ្រុលទៅបុកដើមឈើមួយដើម ដែលដុះនៅមុខផ្ទះរបស់ប្រជាពលរដ្ឋ បណ្តាលឲ្យដួលរលំសង្កត់ លើរថយន្ត CRV ដែលម្ចាស់ផ្ទះចតចោលរងការខូចខាត ខាងមុខយ៉ាងដំណំ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនាម៉ោងជាង១រំលងអាធ្រាត្រ ថ្ងៃទី៧ ខែធ្នូឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។
អ្នកឃើញហេតុការណ៌នេះ បានប្រាប់ថា នៅម៉ោងជាង១រំលងអាធ្រាត្រ គេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ស្លាកលេខភ្នំពេញ 3C-8123 ដែលបើកដោយបុរសស្រវឹង តាមបណ្តោយផ្លូវម៉ៅសេទុង ឆ្ពោះទៅផ្សារដើមគរ លុះបើកមកដល់ចំណុចកើតហេតុ អ្នកបើកបររថយន្តខាងលើ បានបើកជ្រុលទៅបុកដើមឈើមួយដើម ដែលដុះនៅមុខផ្ទះគេនោះ បណ្តាលឲ្យដួលរលំសង្កត់លើរថយន្ត CRV ដែលម្ចាស់ផ្ទះបានចតចោលបណ្តាលឲ្យខូចខាត ខាងមុខយ៉ាងដំណំ។
បន្ទាប់ពីបុកដើមឈើដួល ត្រូវរថយន្តខូចខាតហើយ អ្នកបើកបររថយន្តកុងតឺន័រ មិនបានឈប់ទេ គឺព្យាយាមបើករត់រហូត ទៅដល់ផ្សារសុវណ្ណា ទើបឈប់ទុករថយន្តចោល ហើយអ្នកបើកបររូបនោះ បានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុរថយន្តទាំង២គ្រឿង ត្រូវបានចរាចរណ៍ក្រុង ចុះមកវាស់វែង និងស្ទួចយកទៅរក្សារទុក នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំតំណាងខាងរថយន្តកុងតឺន័រ ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕