(ភ្នំពេញ)៖ ទីបំផុត រដ្ឋសភា បានប្រកាសទទួលស្គាល់សមាសភាពថ្មី នៃថ្នាក់ដឹកនាំតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ និងបានទទួលស្គាល់ លោក កឹម សុខា ជាប្រធានក្រុមមតិភាគតិច នៅរដ្ឋសភា ជំនួសតំណែង លោក សម រង្ស៉ី ។ នេះបើតាមសេចក្តីប្រកាសរបស់ រដ្ឋសភាដែល Fresh News ទទួលបាននៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ។
តាមរយៈសេចក្តីប្រកាស ដែលចុះហត្ថលេខាដោយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានឱ្យដឹងថា សមាសភាពថ្មីរបស់ថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិនៅក្នុងរដ្ឋសភា ពេលនេះរួមមាន លោក កឹម សុខា ជាប្រធាន, លោក យឹម សុវណ្ណ ជាអនុប្រធាន និង លោក យ៉ែម បុញ្ញឫទ្ធិ ជាអនុប្រធាន។ ជាមួយគ្នានេះ រដ្ឋសភា ក៏បានបញ្ជាក់ដែរថា លោក កឹម សុខា ប្រធានថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្តរបស់គណបក្សប្រឆាំង គឺជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញថា គណបក្សសង្គ្រោះជាតិ បានដាក់លិខិតជូនរដ្ឋសភា ដោយស្នើសុំផ្លាស់ប្តូរតំណែងនេះពីលោក សម រង្ស៊ី ជំនួសដោយលោក កឹម សុខា វិញ៕