(ពោធិ៍សាត់)៖ គោយន្តកន្ត្រៃស៊េរី២០១៣ ដឹកអុស សាកល្បងកម្លាំងជាមួយគោយន្តកន្ត្រៃស៊េរី២០១៤ ដឹកស្រូវ ក្នុងទិសដៅស្របទិសគ្នា ពីត្បូងទៅជើង របួសធ្ងន់ស្រាលមនុស្ស៦នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវកៅស៊ូលេខ ១៥៥ ស្ថិតក្នុងភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពី គោយន្តកន្ត្រៃម៉ាក KUBOTA ព័ណ៌ក្រហម ស៊េរីឆ្នាំ២០១៣ ដឹកអុសពីក្រោយ ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះ សឿន ឡឺម ភេទប្រុស អាយុ ២៧ឆ្នាំ ជាកូន(របួសធ្ងន់) រួមដំណើរដោយឈ្មោះ គឿន សឿន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិបឹងស្តុង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាឳពុក(របួសធ្ងន់)។
លុះមកដល់ចំណុចកើតហេតុខាងលើ បានឡើងវ៉ាឆ្វេង ពេលនោះវ៉ាក់អឺជាមួយរថយន្តដែលបើកបញ្ច្រាស់ទិសគ្នា រួចអែមចូលស្តាំវិញ ក៏ជ្រុលទៅបុកគោយន្តកន្ត្រៃម៉ាក KUBOTA ព័ណ៌ក្រហម ស៊េរីឆ្នាំ២០១៤ ដឹកស្រូវពីក្រោយ ធ្វើដំណើរស្របទិសគ្នា បើកបរដោយឈ្មោះ ឈុំ មុល ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាឳពុក(រងរបួសស្រាល) រួមដំណើរមានគ្នា៣នាក់៖ ១-មុល ចាន់ធូ ភេទស្រី អាយុ ២២ឆ្នាំ ជាកូន(របួសធ្ងន់), ២-មុល ដាំ ភេទប្រុស អាយុ ១៨ឆ្នាំ ជាកូន(រងរបួសស្រាល) និង៣-បុល រ៉ាក់ ភេទប្រុស អាយុ ២៣ឆ្នាំ ជាកូន(រងរបួសស្រាល)។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាពលរដ្ឋ បានសហការគ្នាដឹកជញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដោយឡែកវត្ថុតាងគោយន្ត
កន្ត្រៃទាំងពី២ ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រងិល រងចាំដោះស្រាយគ្នានៅថ្ងៃក្រោយ៕