(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា (CPP) នឹងបើកសន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួន នៅអំឡុងសប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០១៦នេះ ដើម្បីរៀបចំទិសដៅសម្រាប់ការបន្តយកឈ្នះ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៧ និង ២០១៨ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន បានបញ្ជាក់ថា សន្និបាតនេះ នឹងមានសមាជិកគណៈកម្មាធិការកណ្តាលជាង៥០០នាក់ចូលរួម និងថ្នាក់ដឹកនាំដទៃទៀតទាំងអស់ សរុបប្រមាណ១០០០នាក់។ ទោះជាយ៉ាង សន្និបាតនេះ មិនទាន់កំណត់ថ្ងៃប្រាកដនៅឡើយទេ ប៉ុន្តែ លោកថា សន្និបាតនឹងរើសយកថ្ងៃសៅ-អាទិត្យ ដើម្បីរៀបចំពិធី។
បើតាម លោក សុខ ឥសាន សន្និបាតរបៀបនេះ តែងធ្វើឡើងជាប្រចាំមួយដង ឬ២ដងក្នុងមួយឆ្នាំ ដើម្បីកំណត់ទិសនយោបាយ។ លោកថា សន្និបាតនេះ មិនមានអ្វីចម្លែកទេ។
សូមបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០១៦ គណបក្សប្រជាជនកម្ពុជា បានបើកសន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួន ម្តងផងដែរ ដែលកាលនោះ បានធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ៕