(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យចិន សហការជាមួយកម្ពុជា ដោះស្រាយលុបបំបាត់ ជំងឺគ្រុនចាញ់ ដល់ចំណុចសូន្យមុន ឆ្នាំ២០២៥។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការដែលភាគីចិន បានជួយដល់កម្ពុជា លើវិស័យសុខាភិបាលនេះ គឺជាការចូលរួមចំណែកក្នុងការកាត់បន្ថយហានិភ័យដល់ប្រជាជនកម្ពុជាហើយ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងខណៈសម្តេច អនុញ្ញាតឲ្យឱ្យ លោកស្រី Li bin រដ្ឋមន្ត្រីគណៈកម្មាធិការសុខាភិបាលជាតិ និងផែនការនៃ សាធារណរដ្ឋប្រជាមានិតចិន ជួបសំដែងការគួរសម និងពិភាក្សាការងារ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព។
ជាការឆ្លើយតប លោកស្រី Li bin បានគោរពជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី អំពីដំណើរទស្សនកិច្ច របស់លោកស្រី មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីអនុវត្តជាក់ស្តែងលើរាល់គម្រោង និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលថ្នាក់ដឹកនាំ កំពូលរវាងប្រទេសទាំងពីរ បានព្រមព្រៀងគ្នារួចមកហើយ ជាពិសេសលើវិស័យសុខាភិបាល។
លោកស្រីបានជំរាបជូនសម្តេចថា ភាគីចិនបានសហការជាមួយក្រសួងសុខាភិបាលកម្ពុជា ហើយនឹងជួយបណ្តុះបណ្តាល គ្រូពេទ្យ និងជួយដល់កម្ពុជា ជាពិសេសលើជំងឺភ្នែក ជំងឺមាត់ធ្មេញ និងបន្តជួយកម្ពុជា លើការសាងសង់មន្ទីរពេទ្យ នៅទីរួមខេត្តត្បូងឃ្មុំ។
លោកស្រី Li bin បានប្រាប់ឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចជាលើកទី១ របស់លោកស្រីពេលនេះ ក្រៅពីការ បំពេញ បេសកកម្មខាងលើ លោកស្រីក៏បានសង្កេតឃើញកម្ពុជា មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងបានសង្កេតឃើញថា ប្រជាជនកម្ពុជាកំពុងរស់នៅ ប្រកបដោយសុភមង្គល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ លោកស្រី ដែលបានរាយការណ៍ អំពីសកម្មភាពក្នុងការជំរុញកិច្ច សហប្រតិបត្តិការ និងអនុវត្តជាក់ស្តែងលើគម្រោងដែលបានព្រមព្រៀងគ្នា រវាងថ្នាក់ដឹកនាំកំពូលរួចមកហើយនេះ៕