(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពី លោក កឹម សុខា ត្រូវបានការលើកលែងទោសដោយ ព្រះមហាក្សត្រ កញ្ញា ធី សុវណ្ណថា យុវតីរូបស្រស់ដែលប្រឡូកក្នុងវិស័យ នយោបាយទាំងវ័យក្មេង បានស្នើឱ្យប្រធានស្តីទីគណបក្សប្រឆាំងរូបនេះ សុំទោសនាងជាសាធារណៈដើម្បីបញ្ចប់រឿងបរិហាកេរ្តិ៍។
នៅលើបណ្តាញសង្គម Facebook កញ្ញា ធី សុវណ្ណថា បានសរសេរថា «នាងខ្ញុំរីករាយ ដែលបានឃើញលោកទទួលស្គាល់កំហុស លោកបានស្នើសុំ និងទទួលព្រះរាជទានទោសពីព្រះមហាក្សត្រ។ នាងខ្ញុំក្នុងនាមជាជនរងគ្រោះពីអំពើបរិហាកេរ្តិ៍របស់លោកស្នើឲ្យលោក សុំទោសនាងខ្ញុំជាសាធារណ: ដើម្បីបញ្ចប់រឿង។ បើលោកមិនសុំទោសនាងខ្ញុំទេ នាងខ្ញុំនឹងបន្តដាក់ពាក្យប្តឹង ដើម្បីឲ្យតុលាការបន្តនីតិវិធីសំនុំរឿងផ្សេងទៀតរបស់លោក ដូចជា បរិហាកេរ្តិ៍ ជួញដូរផ្លូវភេទ សូកសាក្សី ជាដើម...»។
កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ កញ្ញា ធី សុវណ្ណថា បានដាក់ពាក្យប្តឹងលោក កឹម សុខា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពីបទបរិហាកេរ្តិ៍ បន្ទាប់មានធ្លាយ ខ្សែអាត់សំឡេងមួយរបស់ លោក កឹម សុខា សន្ទនាជាមួយនារីម្នាក់ ដែលគេសង្ស័យថា ជាស្រីកំណាន់ ដោយនិយាយបរិហារទៅលើរូបនាង។ កញ្ញា ធី សុវណ្ណថា បានចោទក្នុងខ្សែអាត់សំឡេងនោះថា លោក កឹម សុខា បានមួលបង្កាច់មកលើរូបនាងថា បានយកឈ្មោះរបស់គណបក្សសង្រ្គោះជាតិ ដើម្បីសាងភាពល្បាញល្បី និងបោកយកលុយពីអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេស។
កញ្ញា ធី សុវណ្ណថា បានបញ្ជាក់បន្ថែមនៅទំព័រ Facebook របស់នាងថា «នាងខ្ញុំមិនតូចចិត្តជីវិតខ្លួនឯងទេ ដែលរងការជេរប្រមាថជាច្រើនពីអ្នកគាំទ្របក្សសង្គ្រោះជាតិ ខ្ញុំដឹងខ្លួនឯងច្បាស់ សកម្មភាពខ្ញុំដើម្បីភាពត្រឹមត្រូវយុត្តិធម៌ ដើម្បីជាតិ ដើម្បីជួយពលរដ្ឋ និង យុវជនក្រីក្រ មិនមែនដើម្បីបក្សណា១ រឺបុគ្គលណា១ទេ។ នាងខ្ញុំសុំទោស និងសូមអរគុណ អ៊ុពូមីង តំណាងរាស្ត្រ CNRP ទាំងអស់ដែលតែងតែបានណែនាំលើកទឹកចិត្តនាងខ្ញុំកន្លងមក តែដោយព្រោះនាងខ្ញុំមិនអាចទ្រាំអត់ធ្មត់ នឹងការជាន់ឈ្លី មើលងាយជាច្រើនដងពីលោក កឹម សុខា និងកូន ទើបនាងខ្ញុំ សម្រេចប្រឆាំងដាក់ពាក្យប្តឹង ដើម្បីទាមទារយុត្តិធម៌»។
កញ្ញា ធី សុវណ្ណថា នាពេលកន្លងទៅ ត្រូវបានគេស្គាល់ថា ជាសកម្មជននៅក្នុងគណបក្សសង្រ្គោះជាតិ ហើយធ្លាប់ប្រឆាំង និងរិះគន់យ៉ាងចាស់ដៃមកលើ រាជរដ្ឋាភិបាលកម្ពុជា នៅមុន និងក្រោយបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣។ ប៉ុន្តែពេលនេះ នាងបានសម្រេចចិត្តចាកចេញពីគណបក្សសង្រ្គោះជាតិ ហើយបង្កើតអង្គការមួយដោយខ្លួនឯងដើម្បីជួយដល់យុវជន។
បើតាមការរាប់រាប់របស់កញ្ញា ធី សុវណ្ណថា កាលពីម្សិលមិញ នឹងក៏បានសុំទោសចំពោះសកម្មជន និងតំណាងរាស្រ្តនៅក្នុងគណបក្សសង្រ្គោះជាតិផងដែរ ចំពោះការចាកចេញរបស់នាង។ ប៉ុន្តែនាងថា ទង្វើនេះដោយសារតែនាងមិនអាចទ្រាំបានជាមួយនឹង លោក កឹម សុខា និងកូនរបស់លោក។
កញ្ញា ធី សុវណ្ណថា បានសរសេរថា «សុំទោសបងប្អូនអ្នកគាំទ្របក្សសង្គ្រោះជាតិ ដែលខ្ញុំបានប្តឹង លោកកឹម សុខា ព្រោះខ្ញុំចង់ព្រមានគាត់ និងកូនគាត់ កុំឲ្យមើលងាយយុវជនជំនាន់ក្រោយបន្តទៀត ។ ពីនាងខ្ញុំ ធី សុវណ្ណថា យុវជនម្នាក់ធ្លាប់ពលិកម្មយ៉ាងធ្ងន់ធ្ងរគាំទ្របក្សសង្គ្រោះជាតិ ហើយត្រូវបានលោក កឹម សុខា និងកូន ប្រមាថមើលងាយចេញលិខិតបដិសេធ បណ្តេញចេញពីលើវេទិកាបក្ស និងបណ្តេញចេញក្បួនហែរបក្ស»៕