(កណ្តាល)៖ មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា បានជំរុញ ដាស់តឿន និងក្រើនរំលឹក មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ឲ្យធ្វើសកម្មភាព បង្ការ បង្ក្រាប សង្គ្រោះ ជាប្រចាំដូចភ្លៀងរលឹម ព្រមទាំងចូលសកម្មភាពមនុស្សធម៌ និងធ្វើកិច្ចការងារសង្គមដូចជា ច្រូតកាត់ស្រូវ និងការបរិច្ចាគឈាមជូនប្រជាពលរដ្ឋផងដែរ។
ការថ្លែងរបស់លោកមេបញ្ជាការអាវុធហត្ថ ខេត្តកណ្តាលខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងកិច្ចត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារ របស់កងរាជអាវុធហត្ថប្រចាំ ខែវិច្ឆិកា និងលើកទិសដៅខែធ្នូ ឆ្នាំ២០១៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោករងសេនាធិការ លោកប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការក្រុងស្រុក១១ និងសមាជិកអង្គប្រជុំមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំខាងលើនេះ លោកមេបញ្ជាការ បានប្រាប់ទៅកងកម្លាំងរបស់ខ្លួន ឲ្យអនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ លើកិច្ចការបង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាលោក ម៉ៅ ភារុណ ជាអភិបាលខេត្តកណ្តាល។
លោកមេបញ្ជាការ បានថ្លែងបន្តទៀតថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ កងរាជអាវុធហត្ថខេត្ត នឹងរៀបចំកម្មវិធីផ្តល់ឈាមស្ម័គ្រចិត្ត ដើម្បីជូនជាកាដូដល់ប្រជាពលរដ្ឋក្នុងខេត្ត និងទូទាំងប្រទេសដែលរងគ្រោះ ត្រូវការឈាមចាំបាច់។
លោកបានបញ្ជាក់ថា «កម្មវិធីនេះ នឹងមានការសហការជាមួយសហភាពសហព័ន្ធយុវជនខេត្តកណ្តាល។ ក្នុងន័យនេះ សូមអញ្ជើញប្រជាពលរដ្ឋមកចូលរួមដោយស្ម័គ្រចិត្តជាមួយយើងខ្ញុំឲ្យបានច្រើនដើម្បីជាតិ ប្រជាជនយើងទាំងអស់គ្នា»។
លោកមេបញ្ជាការ នឹងធ្វើជាគំរូផ្តល់ឈាមដោយស្ម័គ្រចិត្តមុនគេ បានបញ្ជាក់ថា ការផ្តល់ឈាមមិនមានបញ្ហាដល់សុខភាពយើងទេ។ សូមបញ្ចាក់ថា លោកមេបញ្ចាការខេត្ត និងកងកម្លាំងក្នុងខេត្ត បានផ្តល់ឈាមដោយស្ម័គ្រចិត្តច្រើនលើក ច្រើនសារកន្លងមកហើយ មិនមែនជាលើកដំបូងសម្រាប់ កងរាជអាវុធហត្ថខេត្តកណ្តាលទេ។
លោកសង្ឃឹមថា ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ នឹងស្ម័គ្រចិត្តមកចូលរួមផ្តល់ឈាមនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ក្រុងតាខ្មៅឲ្យបានច្រើនកោះករ។
សូមទំនាក់ទំនងការចុះឈ្មោះ និងព័ត៌មានផ្សេងៗ តាមគេហទំព័រ Facebook «បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល» ដែលមានលេខទូរស័ព្ទទំនាក់ទំនងក្នុងនោះដែរ៕