(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នឹងចូលប្រជុំសភាពេញអង្គឡើងវិញ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ស្អែកនេះ បន្ទាប់ពីទទួលបាន កាលើកលែងទោសពីព្រះមហាក្សត្រ, នេះបើតាមលោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់លោក កឹម សុខា ដែលបានបញ្ជាក់ប្រាប់ Fresh News នៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦។
ការចូលប្រជុំពេញអង្គរបស់ លោក កឹម សុខា ពេលនេះគឺជាលើកដំបូងហើយ បន្ទាប់ពីលោកត្រូវបានរដ្ឋសភាបោះឆ្នោតទម្លាក់តំណែងពីអនុប្រធានទី១ នៃរដ្ឋសភា កាលពីចុងខែតុលា ឆ្នាំ២០១៥ មក។ ក្នុងវេទិកាជួបជាមួយ សកម្មជនមកពីខេត្តកំពង់ចាម និងត្បូងឃ្មុំ នៅទីស្នាក់ការកណ្តាល គណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ លោក កឹម សុខា ក៏បានប្រកាសដែរថា លោកនឹងចូលប្រជុំនៅក្នុងសភាឡើងវិញ ក្រោយពីទទួលបានសេរីភាព។
សូមបញ្ជាក់ថា កិច្ចប្រជុំសភាពេញអង្គ នៅថ្ងៃស្អែកនេះ គឺបោះឆ្នោតអនុម័ត ចំពោះការដាក់បេក្ខភាព លោក សួន រីដា ជំនួសតំណែងតំណាងរាស្រ្តរបស់ លោក ប៉ែន សុវណ្ណ សមាជិកសភាពមកពីគណបក្សសង្រ្គោះជាតិ ដែលបានទទួលមរណភាព៕