(ភ្នំពេញ)៖ ជប៉ុន បានបង្ហាញការសាទរ និងសប្បាយរីករាយផងដែរ ចំពោះការកសាងបាននូវបញ្ជីឈ្មោះបោះឆ្នោតថ្មីរបស់កម្ពុជា ដែល ទើបនឹងបិទបញ្ចប់នៅសប្តាហ៍មុននេះ។
ការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីនៅកម្ពុជា ដែលធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបរយៈពេល ៣ខែកន្លងទៅនេះ ប្រទេសជប៉ុន គឺជាដៃគូ មួយ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិន ហ្សូអាបេ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីឆ្នាំ២០១៣។
ជប៉ុន បានធ្វើកិច្ចសហការជាមួយ គ.ជ.ប នៅក្នុងផ្នែកសំខាន់ៗចំនួនបី រួមមាន៖ ទី១. ការគាំទ្រដល់ការចុះឈ្មោះបោះឆ្នោត ទី២. គំាទ្រការកែលម្អ នីតិវិធី បោះឆ្នោត និងទី៣. គាំទ្រសកម្មភាពពង្រឹងការយល់ដឹង និងការអប់រំដល់អ្នកបោះឆ្នោត។ ជាមួយគ្នានោះ ដើម្បីគាំទ្រដល់កិច្ចការលើផ្នែកទំាងបីនេះ អង្គការចៃកា (JICA) បានបញ្ជូនក្រុមអ្នកជំនាញជប៉ុន ក្នុងគោលបំណងផ្ដល់ប្រឹក្សាផ្នែកបច្ចេកទេសសម្រាប់ គ.ជ.ប ក្នុងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប។
ដំណើរការ នៃការចុះបញ្ជីឈ្មោះបោះឆ្នោត ដែលទើបនឹងបិទបញ្ចប់ហើយមានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតរហូតដល់ជិត ៨លាន នាក់ ក្នុងចំណោមប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតជាង ៩.៦លាននាក់ នាំឲ្យមានការសាទរច្រើនពីអង្គការសង្គមស៊ីវិល ព្រមទាំងគណ បក្សនយោបាយធំៗទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ។
ប្រទេសជប៉ុន ដែលជាម្ចាស់ជំនួយ និងបានស៊ើបអង្កេតលើដំណើរការចុះឈ្មោះបោះឆ្នោតនេះ ក៏បានវាយតម្លៃខ្ពស់ និងសម្តែងការសាទរ ជាមួយដំណើរការនេះផងដែរ។ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា លោក ហ៊ីដេហ៊ីសា «ហារី» ហូរីណូអ៊ុជិ បានថ្លែងប្រាប់ Fresh News នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះថា «ក្នុងនាមជាដៃគូរ គ.ជ.ប យើងពិតជាសប្បាយរីករាយ ដែលដំណើរការចុះឈ្មោះបោះឆ្នោត បានប្រព្រឹត្តទៅយ៉ាងរលូន ហើយយើងពិតជាទទួលស្គាល់ និងសាទរ កិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ប ក្រុមការងាររៀបចំការចុះ ឈ្មោះបោះឆ្នោត និងអាជ្ញាធរ»។
បើទោះបីជាយ៉ាងណា លោកឯកអគ្គរដ្ឋទូត ក៏បានកត់សម្គាល់ទៅលើភាពមិនប្រក្រតី និងភាពអវិជ្ជមានមួយចំនួន នៃដំណើរការចុះឈ្មោះបោះឆ្នោតនេះផងដែរ ហើយសង្ឃឹមថា គ.ជ.ប នឹងយកបញ្ហាកើតមាននេះធ្វើជាមេរៀន ដើម្បីកែប្រែនូវចំណុវអវិជ្ជមានទាំងនោះឲ្យកាន់តែល្អប្រសើរ។
លោក ហ៊ីដេហ៊ីសា «ហារី» ហូរីណូអ៊ុជិ ថ្លែងបន្តថា «យើងបានកត់សម្គាល់ឃើញថា គ.ជ.ប បានបង្ហាញពីភាពមិនប្រក្រតីមួយចំនួន ដែលកើតឡើងនៅអំឡុងពេលចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែយើងសង្ឃឹមថា ផ្អែកលើការរកឃើញបញ្ហាទាំងនេះ និងការរៀនសូត្រពីមេរៀនចុះឈ្មោះបោះឆ្នោត គ.ជ.ប នឹងចាត់វិធានការផ្សេងទៀត ដើម្បីធានាទំនុកចិត្ត សម្រាប់ការបោះឆ្នោតនាពេល ខាងមុខនេះ»។
ដោយឡែកលោក អាដាជី អ៉ីតស៊ុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា ក៏បានមើលឃើញថាដំណើរការ នៃការចុះឈ្មោះបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយល្អប្រសើរផងដែរ។ លោក អាដាជី អ៉ីតស៊ុ បានប្រាប់ Fresh Newsថា «យើងយល់ច្បាស់ជារួមថា ដំណើរការ នៃការចុះឈ្មោះបោះឆ្នោត បានប្រព្រឹត្តទៅយ៉ាងរលូន ហើយពួកយើងសូមសម្តែងការគោរពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណកម្មាការជាតិរៀបចំការបោះឆ្នោត និងក្រុមការងារទទួលបន្ទុកការចុះឈ្មោះបោះឆ្នោត ក៏ដូចជាសាធារណៈជនទាំងអស់ផងដែរ»។
ប្រធាន JICA ប្រចាំនៅកម្ពុជារូបនេះ ក៏បានបង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរដែលបានទៅចុះឈ្មោះបោះឆ្នោត នឹងផ្ទៀងផ្ទាត់ឈ្មោះរបស់ពួកគេឲ្យបានច្បាស់លាស់នៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវចេញប្រកាសនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧។
លោកបង្ហាញការសង្ឃឹមទៀតថា បញ្ហាមួយចំនួនដែលបានរកឃើញនៅអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោតលើកនេះ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវហើយមេរៀន ដែលបានរៀនសូត្រនេះ នឹងត្រូវបានឆ្លុះបញ្ចាំងទៅក្នុងដំណើរ នៃការបោះឆ្នោតឃុំសង្កាត់នៅពេលអនាគត រួមនិងដំណើរការនៃការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិផងដែរ៕
លោក ហ៊ីដេហ៊ីសា «ហារី» ហូរីណូអ៊ុជិ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា
លោក អាដាជី អ៉ីតស៊ុ ប្រធានអង្គការ JICA ប្រចាំនៅកម្ពុជា