(ភ្នំពេញ)៖ ស្រ្ដីម្នាក់បាននាំបុរសជាសាហាស្មន់មកដេកក្នុងផ្ទះ ខណៈប្ដីមិននៅ ពោលទៅការ និងរកស៊ីនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លុះដល់ពេលប្ដីត្រឡប់មកវិញទាន់ឃើញប្រពន្ធ និងសាហាយនៅក្នុងផ្ទះជាមួយគ្នា ក៏ប្ដឹងទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាពខណ្ឌ៧មករា ឲ្យជួយដោះស្រាយតាមច្បាប់។
បុរសជាប្ដីឈ្មោះ ចាន់ ផល្លី អាយុ៣៧ឆ្នាំ មុខរបរជាងអគ្គិសនី មានទីលំនៅផ្ទះលេខ១E0 ផ្លូវឌឿងហែម(១២៨) សង្កាត់មិត្តភាព ខណ្ឌ៧មករា បានរៀបរាប់ប្រាប់ថា នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ រូបគាត់បានប្រាប់ប្រពន្ធថា ទៅហូបការបងប្អូននៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយធ្វើដំណើរទៅជាមួយមិត្តភក្តិ។
ក្រោយពេលហូបការរួចគាត់មានភាពស្រវឹងខ្លាំង ក៏ទូរស័ព្ទប្រាប់ប្រពន្ធថា យប់នេះបងមិនបានទៅផ្ទះទេ។ លុះដល់១២យប់គាត់ក៏ត្រឡប់មកភ្នំពេញវិញ ជាមួយមិត្តភក្ដិ ហើយបន្ដនាំគ្នាចូលហាងផឹកម្តងទៀតរហូតដល់ម៉ោង២យប់ទើបបែកផ្លូវគ្នា។
គ្រាដែលរូបគាត់បានមកដល់ផ្ទះគោះទ្វារឲ្យប្រពន្ធបើក រយៈពេល២០នាទីក្រោយទើបប្រពន្ធបើកទ្វារឲ្យទាំងទឹកមុខស្លេកស្លាំង ជាហេតុធ្វើឲ្យរូបគាត់មានការសង្ស័យក៏បើកភ្លើងបំភ្លឺពេញផ្ទះ ស្រាប់តែឃើញបុរសជាសាហាយឈ្មោះ គង់ គន្ធា អាយុ២៩ឆ្នាំ ជាបុគ្គលិកស្ថានីយទូរទស្សន៍មួយ មានទីលំនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមនកំពុងស្លៀកកន្សែងរបស់គាត់ អត់ពាក់អាវពួនសម្ងំក្រោមគ្រែ ក្បែរទូ ទើបគាត់ឆោឡោរផ្អើលដល់អ្នកជិតខាងចេញមកជួយចាប់សាហាយរូបនេះ និងបានប្ដឹងទៅនគរបាលប៉ុស្តិ៍មិត្តភាពឲ្យមកយកជនសង្ស័យរូបនេះ ទៅដោះស្រាយនៅប៉ុស្តិ៍ជាបន្ទាន់។
បុរសជាប្ដីបានរៀបរាប់ទាំងហួសចិត្តថា រវាងរូបគាត់ និងប្រពន្ធឈ្មោះ ជា សុខុម អាយុ៣១ឆ្នាំ បានរៀបការពេញច្បាប់រយៈពេលជាង១០ឆ្នាំមកហើយ ដែលមកដល់ពេលនេះបានចំណងដៃកូនប្រុសស្រី២នាក់ទៀតផង ហើយមិនគួរណាប្រពន្ធហ៊ានផិតក្បត់នាំសហាយមកដេកដល់ក្នុងផ្ទះដូច្នេះឡើយ។
បុរសជាប្ដីសំណូមពរដល់សមត្ថកិច្ចឲ្យចាត់ការតាមច្បាប់ចុះ និងសុំធ្វើការលែងលះជាមួយប្រពន្ធផិតក្បត់នេះចាប់ពីថ្ងៃនេះតទៅ៕