(ភ្នំពេញ)៖ ក្នុងដំណើរទស្សនៈកិច្ច របស់លោកស្រី Li Bin រដ្ឋមន្ដ្រីនៃគណៈកម្មការជាតិសុខាភិបាល និងផែនការគ្រួសារនៃសាធារណៈរដ្ឋ ប្រជាមានិតចិន បានអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវការ រយៈ៣ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី០៥-០៧ នៅថ្ងៃទី០៦ធ្នូនេះ លោកស្រី បានអញ្ជើញ ចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា ( MOU) ស្ដីពី កិច្ចសហប្រតិបត្ដិការ លើវិស័យសុខាភិបាល ដែលមានចំនួន៤ចំនុច ប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល ។
លោកស្រី Li Bin បានថ្លែងថា «ប្រទេសចិន-កម្ពុជា មានទីតាំងភូមិសាស្រ្ដជិតគ្នា វប្បធម៌ស្រដៀងគ្នា ហើយចំពោះការប្រាស័្រយទាក់ទងគ្នា យ៉ាងជិតស្និទ្ន រវាងប្រទេសទាំងពីរ ដែលមានប្រវត្ដិសាស្ដ្រ ជាង១០០០ឆ្នាំ មកហើយដោយចាប់តាំង ពីបង្កើតការទូតកម្ពុជា និងចិន បានរក្សាមិត្ដភាពជាប្រពៃណី ឲ្យកាន់តែស៊ីជម្រៅ ហើយនៅថ្ងៃនេះ ចិន-កម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបត្ដិការ ខាងសុខភាព និងកិច្ចព្រមព្រៀង ខាងបច្ចេកទេស ចំពោះគម្រោងជាច្រើននេះ ហើយខ្ញុំជឿជាក់ថា ការចុះហត្ថលេខានេះ នឹងបើកទំព័រថ្មី នៅកិច្ចសហប្រតិបត្ដិការ ផ្នែកសុខាភិបាល រវាងប្រទេសទាំងពីរ ហើយនឹងអភិវឌ្ឍកាន់តែទូលំទូលាយ កាន់តែស៊ីជម្រៅ ពិសេសនឹងទទួលបានជោគជ័យជាថ្មី និងផ្ដល់ប្រយោជន៍ សុខមាលភាព ដល់ប្រជាជននៃប្រទេសទាំងពីរនេះ» ។
លោករដ្ឋមន្ដ្រី ក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានថ្លែងផងដែរថា «អនុស្សរណៈយោគយល់គ្នា មានចំនួន៤ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ និងអភិវឌ្ឍកិច្ចសហប្រតិបត្ដិការ លើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាន សមភាព និងផលប្រយោជន៍ទៅវិញទៅមក សំដៅធ្វើឲ្យមានភាពប្រសើរឡើង នូវសុខភាពប្រជាជន និងរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ» ។
អនុស្សរណៈចំនួន៤ រួមមាន៖
១.អនុស្សរណៈយោគយល់គ្នា ក្នុងកិច្ចសហប្រតិបត្ដិការ ក្នុងវិស័យសុខាភិបាល រវាងគណៈកម្មការជាតិ សុខាភិបាល និងផែនការគ្រួសារ នៃសាធារណៈរដ្ឋ ប្រជាមានិតចិន និងក្រសួងសុខាភិបាលនៃកម្ពុជា ដោយភាគីទាំងពីរបានព្រមព្រៀងគ្នា ធ្វើកិច្ចសហប្រតិបត្ដិការរួមមួយចំនួន ដូចជាការត្រួតពិនិត្យ នៃការរីករាលដាលនៃជំងឺឆ្លង ពិសេសជំងឺផ្ដាសាយបក្សី (Human Avian influenza) ដែលបង្កឡើងដោយអនុប្រភេទ ការបង្ការ និងត្រួតពិនិត្យ មេរោគអេដស៍/ ជំងឺអេដស៍ការបង្ការ និងត្រួតពិនិត្យជំងឺគ្រុនចាញ់ ជំងឺវះកាត់ របួសដោយការប៉ទង្គិច និងឱសថបុរាណជាដើម។
២.អនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្ដិការ ផ្នែកគាំពារមាតា និងទារក រវាងកម្មការជាតិសុខាភិបាល និងផែនការគ្រួសារ នៃសាធារណៈរដ្ឋ ប្រជាមានិតចិន និងក្រសួងសុខាភិបាលកម្ពុជា ដែលនឹងផ្ដល់នូវការផ្លាស់ប្ដូរ បទពិសោធន៍បច្ចេកទេស និងពង្រឹងជំនាញមន្ដ្រីសុខាភិបាល លើកិច្ចគាំពារមាតា និងទារកព្រមទាំងផ្ដល់សេវាពិនិត្យពិគ្រោះជំងឺ សម្រាប់ស្ដ្រី និងកុមារដោយគ្រូពេទ្យស្មោះចិត្ដចិន។
៣.អនុស្សរណៈយោគយល់គ្នា លើផ្នែកបណ្ដុះបណ្ដាលបច្ចេកវិទ្យា ការអភិវឌ្ឍ ការផ្លាស់ប្ដូរការសិក្សា តេលេវេជ្ជសាស្ដ្រ និងស្រាវជ្រាវ រវាងមន្ទីរទេព្យហ៊ូណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងមន្ទីរពេទ្យកុមារជាតិ ដោយជម្រុញលើការអភិវឌ្ឍសមត្ថភាព មន្ដ្រីសុខាភិបាល តាមមុខជំនាញ ដែលកំពុងបម្រើការងារ នៅមន្ទីរពេទ្យកុមារជាតិ ។
៤.អនុស្សរណៈលើកផ្នែក បណ្ដុះបណ្ដាល និងស្រាវជ្រាវ រវាងសាកលវិទ្យាល័យក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល ដោយផ្ដោតទៅលើ កិច្ចសហការផ្នែកទន្ដសាស្រ្ដ និងសកម្មភាពផ្សេងៗទៀត។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះលោកស្រី Li Bin និងគណៈប្រតិភូអមដំណើរទាំងអស់ ចំពោះការគាំទ្រដ៏សំខាន់ ដល់វិស័យសុខាភិបាលនៅកម្ពុជា សំដៅលើកកម្ពស់សុខមាលភាពប្រជាជនកម្ពុជា និងពង្រឹងទំនាក់ទំនង ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ ។
គួរបញ្ជាក់ថា វិភាគទាន និងជំនួយរបស់រាជរដ្ឋាភិបាលចិន ដែលបានផ្ដល់កន្លងមករួមមានដូចជា៖ រថយន្ដ គិលានសង្គ្រោះបន្ទាន់ ២០០គ្រឿង នាខែមករា ឆ្នាំ២០១៥, ម៉ាស៊ីនឆ្លុះអេកូសាស្ដ្រ ២០០គ្រឿង នៅខែឧសភាឆ្នាំ២០១៥ និងជំនួយស្ដីពីកិច្ចសហប្រតិបត្ដិការឱសថបុរាណ កន្លងមក៕