Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដចាប់ខ្លួនជនជាតិវៀតណាម១៣នាក់ រស់នៅ និងធ្វើការខុសច្បាប់ ក្នុងខណ្ឌទួលគោក

06-12-2016 16:52

(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម ១៣នាក់ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ នៅកន្លែងហាងកាហ្វេ និងស្នូកឃ័រ ស្ថិតនៅផ្ទះលេខ៣៧ និងផ្ទះលេខ៣៩ ក្រុម៣៣ ផ្លូវលេខ១៣៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះក្រោមការ សម្របសម្រួលពីលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ជនជាតិវៀតណាមទាំង១៣នាក់នេះ ត្រូវបានឃាត់ខ្លួនពីបទ លួចស្នាក់នៅដោយគ្មាន លិខិតឆ្លងដែន និងរកស៊ីធ្វើការដោយខុសច្បាប់។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញ បញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ដើម្បីអនុវត្តតាមច្បាប់អន្តោប្រវេសន៍ និងរៀបចំឯកសារបញ្ជូន ចេញពីកម្ពុជា៕