(ភ្នំពេញ)៖ តំណែងថ្នាក់ដឹកនាំតំណាងរាស្រ្ត និងប្រធានក្រុមមតិភាគតិចរបស់លោក សម រង្ស៊ី ដែលជាទណ្ឌិតកំពុងគេចខ្លួន ត្រូវបានដាក់លោក កឹម សុខា ជំនួសវិញ ព្រោះលោក សម រង្សី ជាទណ្ឌិតគ្មានសិទ្ធិអ្វីពាក់ព័ន្ធនៅរដ្ឋសភានោះទេ នេះបើយោងតាមមន្រ្តីកំពូលមួយរូបនៃរដ្ឋសភា មានប្រសាសន៍ប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចនារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦។

មន្រ្តីជាន់ខ្ពស់នៃរដ្ឋសភាដដែលរូបនោះ បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា តំណែងប្រធានក្រុមមតិភាគតិច និងប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្ត គឺតែមួយកន្លែងដូចគ្នាទេ ដែលពីមុនជាកន្លែងរបស់លោក សម រង្ស៊ី ប៉ុន្តែនៅពេលនេះត្រូវបានដាក់លោក កឹម សុខា ជំនួសវិញ។ ចំណែកសមាសភាពខាងគណបក្ស ប្រជាជនកម្ពុជា រួមមាន៖ សម្តេចក្រឡាហោម ស ខេង ជាប្រធាន, ឧបនាយករដ្ឋមន្រ្តី គាត ឈន់ អនុប្រធាន និងឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អនុប្រធាន។ ចំណែកខាងគណបក្សសង្គ្រោះជាតិវិញ មានលោក កឹម សុខា ប្រធាន, លោក យឹម សុវណ្ណ អនុប្រធាន និង យ៉ែម បុញ្ញាប្ញទ្ធិ អនុប្រធាន។

សូមបញ្ជាក់ថា សេចក្តីប្រកាសរបស់រដ្ឋសភា ចេញថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ បានប្រកាសថា៖ លោក សម រង្ស៊ី ត្រូវបានបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា​ មណ្ឌលកំពង់ចាម នីតិកាលទី៥ ដែលសេចក្តីប្រកាសនោះត្រូវបានចុះហត្ថលេខាដោយសម្តេចពញាចក្រី ហេង សំរិន។

លោក ឡេង ប៉េងឡុង​ អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញថា គណបក្សសង្គ្រោះជាតិ បានដាក់លិខិតជូនរដ្ឋសភា ដោយស្នើសុំផ្លាស់ប្តូរតំណែងថ្នាក់ដឹកនាំតំណាងរាស្រ្តពីលោក សម រង្ស៊ី ជំនួសដោយលោក កឹម សុខា វិញ។

លោក ឡេង ប៉េងឡុង​ បានបញ្ជាក់បន្ថែមថា ការទទួលស្គាល់សមាសភាពថ្មីនេះ មិនត្រូវការបោះឆ្នោតនោះទេ គ្រាន់តែសុំការសម្រេចពីគណៈកម្មាធិការ អចិន្រ្តៃយ៍តែប៉ុណ្ណោះ។

យោងតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ៤៨ថ្មី(៣) បានចែងថា៖ «តំណាងរាស្រ្តនៃគណបក្សនយោបាយ ដែលមានអាសនៈក្នុងរដ្ឋសភាចាប់ពី ៥% ឡើងទៅ ត្រូវរៀបចំថ្នាក់ដឹកនាំតំណាងរាស្រ្តនៃគណបក្សនយោបាយ តាមគណបក្សនយោបាយនីមួយៗ។ ថ្នាក់ដឹកនាំតំណាងរាស្រ្ត​​ នៃគណបក្សនយោបាយមានសមាសភាព យ៉ាងច្រើន៣រូប ដោយមានប្រធានមួយរូប។ បញ្ជីរាយនាមរបស់ថ្នាក់ដឹកនាំតំណាងរាស្រ្ត នៃគណបក្សនយោបាយត្រូវផ្ញើជូនប្រធានរដ្ឋសភា»។

យោងតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ៤៨ថ្មី (៣) ដដែលបានបន្តចែងទៀតថា «ប្រធានក្រុមតំណាងរាស្រ្ត នៃគណបក្សនយោបាយក្រៅរាជរដ្ឋាភិបាល ដែលមានអាសនៈក្នុងរដ្ឋសភា ចាប់ពី២៥%ឡើងទៅ មានឈ្មោះហៅថា ជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា។ ប្រធានក្រុមមតិភាគតិច ជាគូសន្ទនាជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ទាក់ទងទៅនឹងបញ្ហាប្រទេសជាតិ។ ប្រធានក្រុមមតិភាគតិចមានឋានៈស្មើនាយករដ្ឋមន្រ្តី»៕

 

ខាងក្រោមនេះជាបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ៤៨ថ្មី(៣)