(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង ជាប្រធានសមាគមអតីតយុទ្ធជនផងនោះ បានសម្រេចផ្តល់ថវិកា ២០ម៉ឺនដុល្លារ ដែលទទួលបានពីសប្បុរសជននានា សាងសង់ផ្ទះជូនអតីតយុទ្ធជនកំពុងគ្មានលំនៅឋាន។
នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះថា ថវិការបស់សម្តេចតេជោ ហ៊ុន សែន នឹងយកទៅសាងសង់លំនៅឋានជូនអតីតយុទ្ធជន ដែលកំពុងប្រឈមការខ្វះ ខាតក្នុងជីវភាពមានតែដី ប៉ុន្តែមិនមានលំនៅឋានសម្រាប់ស្នាក់នៅ។
នាយឧត្តមសេនីយ៍ គន់ គីម បានឲ្យដឹងថា តាមរយៈការធ្វើបច្ចុប្បន្នភាពបានរកឃើញមានអតីតយុទ្ធជនប្រមាណ ៣ពាន់គ្រួសារអត់មាន លំនៅឋាន តែក្នុងនោះមានជាង ២ពាន់គ្រួសារហើយត្រូវបានសាងសង់លំនៅឋានជូន ហើយក្នុងឆ្នាំ២០១៦នេះ មានអតីតយុទ្ធជនជាង ១០០គ្រួសារទៀត ក៏ត្រូវបានសាងសង់លំនៅឋានជូនផងដែរ។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានឲ្យដឹងផងដែរថា លោកនឹងយកថវិកាទាំងនេះទៅចាត់ចែងសាងសង់លំនៅឋានជូនអតីតយុទ្ធជន ដែលមានជីវភាពទីទ័លក្រ និងមានការលំបាកមុនគេ ហើយនឹងប្រឹងប្រែងជំរុញការសាងសង់លំនៅឋានជូនអតីតយុទ្ធជនដទៃទៀត ឲ្យបានឆាប់បំផុត។
នាយឧត្តមសេនីយ៍ គន់ គីម បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ព្រមទាំងសប្បុរសជននានា ដែលបានឧបត្ថម្ភថវិកាសាងសង់លំនៅឋានជូនដល់អតីតយុទ្ធជន ហើយចាត់ទុកកាយវិការនេះជាការតបស្នងសងគុណយ៉ាងថ្លៃថ្លាសម្រាប់អតីតយុទ្ធជនជាអ្នក សាងគុណសម្បត្តិយ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ។
នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន ដែលបានធ្វើសកម្មភាព និងចុះជួបជាប្រចាំជាមួយអតីតយុទ្ធជននៅទូទាំង២៥ រាជធានី-ខេត្ត បានថ្លែងថា «នេះបានបង្ហាញឲ្យយ៉ាងច្បាស់ពីទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន។ សម្តេចមិនដែលបំភ្លេច ឬទុកបងប្អូនអតីតយុទ្ធជនឲ្យរស់នៅ ឯកោនោះឡើយ»។
ដើម្បីជួយសម្រាលទុក្ខលំបាករបស់អតីតយុទ្ធជនឲ្យកាន់តែប្រសើរថែមទៀតនោះ នាយឧត្តមសេនីយ៍ គន់ គីម នៅតែបន្តអំពាវនាវដល់ សប្បុរសជនចូលរួមវិភាគទានបន្ថែមទៀត។
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបង្ហាញការយកចិត្តទុកដាក់ខ្លាំងទៅបញ្ហារបស់អតីតយុទ្ធជនកម្ពុជា។ តាមរយៈសមាគមអតី តយុទ្ធជនជាសេនាធិការ និងមាននាយឧត្តមសេនីយ៍ គន់ គីម ជាអគ្គលេខាធិការនោះ តែងបានធ្វើសកម្មភាពចុះជួបដោយផ្ទាល់ជាមួយ អតីតយុទ្ធជននៅទូទាំង ២៥រាជធានី-ខេត្ត ដើម្បីស្វែងរកឲ្យឃើញពីបញ្ហាកំពុងប្រឈមរបស់អតីតយុទ្ធជន និងបានចាត់ចែងឲ្យដោះស្រាយជូនអតីតយុទ្ធជនភ្លាមៗផងដែរ។
នាយឧត្តមសេនីយ៍ គន់ គីម ក៏តែងបានតាស់តឿន និង ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានទាំងអស់យកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើអតីតយុទ្ធជននៅក្នុងដែនដីដែលពួកគេគ្រប់គ្រង៕