(រតនគិរី)៖ កម្លាំងរដ្ឋបាលព្រៃឈើសង្កាត់បានលុង សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តរតនគិរី បានឃាត់រថយន្តសាំយ៉ុង១គ្រឿង ផ្ទុកឈើប្រណិតៗពេញខាងក្នុង ខណៈកំពុងធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចរង្វង់មូលបឹងយក្សឡោម ស្ថិតក្នុងភូមិភ្នំសង្កាត់យក្សឡោម ក្រុងបានលុង បម្រុងនាំចេញទៅនៅវៀតណាម។
ក្នុងពេលឃាត់រថយន្តខាងលើ កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនអ្នកបើកបរម្នាក់ មានឈ្មោះ ស៊ឹម សោភ័ណ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។ ឯរថយន្តសាំយ៉ុង ១គ្រឿងនោះ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2R-4746។
មន្ត្រីនគរបាលសេដ្ឋកិច្ចបានប្រាប់ភា្នក់ងារ Fresh News ថា បន្ទាប់ពីទទួលព័ត៌មានថា សង្ស័យមានរថយន្តលួចដឹកឈើ រួចមក កម្លាំងរបស់លោកក៏បានសុំយោបល់ពី ថ្នាក់លើ ដើម្បីសុំការសហការណ៍ជាមួយកម្លាំងរដ្ឋបាលព្រៃឈើ ទើបឈានទៅដល់ការឃាត់រថយន្តខាងលើ។ ខណៈកំពុងត្រួតពិនិត្យ កម្លាំងសមត្ថកិច្ចចម្រុះ ក៏បានប្រទះឃើញ ឈើប្រណិតៗជាច្រើនដុំ នៅពេញក្នុងរថយន្ត។
ក្រោយពីធ្វើការឃាត់រថយន្ត និងអ្នកបើកបរ រួចមក កម្លាំងសមត្ថកិច្ចបានបញ្ជូនទៅសាកសួរ នៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ដើម្បីចាត់ចែងតាមច្បាប់ស្តីពីព្រៃឈើ។
ដោយឡែក បើតាមប្រជាពលរដ្ឋជាច្រើន បានបង្ហើបឲ្យដឹងថា ជារៀងរាល់ថ្ងៃ មានរថយន្តសាំយ៉ុង ហាយឡិនឌ័រ បាឡែន ប្រមាណ៣០គ្រឿង កំពុងមមាញឹកដឹកឈើប្រណិតៗ ចូលទៅលក់នៅវៀតណាម ដោយរថយន្ត១គ្រឿង អាចដឹកឈើទៅ-មក ពី២ទៅ៣ជើង ក្នុង១ថ្ងៃ៕