(សៀមរាប)៖ រមណីយដ្ឋានអង្គរ គឺជាបេតិកភណ្ឌរស់របស់មនុស្សជាតិ ដែលរមណីយដ្ឋាននេះ មិនមានត្រឹមតែប្រាង្គប្រាសាទ ព្រៃព្រឹក្សាប៉ុណ្ណោះទេ តែក៏មានមនុស្សរស់នៅប្រកបមុខរបរចិញ្ចឹមជីវិត និងរក្សាទំនៀមទម្លាប់ប្រពៃណីយ៉ាងល្អទៀតផង។ អ្នកស្រុកដែលរស់នៅក្នុងតំបន់រមណីយដ្ឋានពិភពលោកនេះ គេច្រើនហៅថា អ្នកអង្គរ ហើយក្រៅពីមុខរបរជាកសិករ អ្នកអង្គរច្រើនតែមានមុខរបរទៀត ដែលពាក់ព័ន្ធនឹងកិច្ចការអភិរក្សបេតិកភណ្ឌអង្គរ ដូចជា កម្មករជួសជុលប្រាសាទ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារការពារព្រៃឈើជុំវិញអង្គរជាដើម។
លោកតា ឈិញ ដោយ គឺជាមនុស្សម្នាក់ដែលបានមានមុខរបរ ជាកម្មករជួសជុលប្រាសាទ ស្ទើរពេញមួយជីវិត និងកំពុងតែបន្តមរតកនេះដល់ក្មេងៗជំនាន់ក្រោយ។ មានទីលំនៅ នៅភូមិនគរក្រៅ ជាប់នឹងក្រុងអង្គរធំ លោកតា ឈិន ដោយ ធ្លាប់ការជាកម្មករជួសជុលប្រាសាទស្ទើរគ្រប់ជំនាន់ គឺតាំងពីជំនាន់បារាំង សម័យសង្គ្រាម និងសម័យក្រោយសង្គ្រាម សព្វថ្ងៃលោកតា កំពុងធ្វើនៅការដ្ឋានJASA ជួសជុលប្រាសាទបាយ័ន។
លោកតាថា «ប្រាសាទ និងផ្ទះរបស់ខ្ញុំ វាសឹងតែជាកន្លែងតែមួយទៅហើយ ព្រោះតាំងពីក្មេងមកខ្ញុំនៅតែនឹងប្រាសាទ ខ្ញុំធ្វើការក្នុងប្រាសាទតាំងសម័យបារាំង ពេលដែលខ្ញុំមានអាយុប្រហែល១៧ឆ្នាំនៅឡើយ សព្វថ្ងៃអាយុ៧០ឆ្នាំហើយ ក៏នៅតែធ្វើការនឹងប្រាសាទដដែល»។
លោកតា ឈិន ដោយ បញ្ជាក់ថា «ប្រាសាទច្រើនណាស់ ដែលខ្ញុំធ្លាប់បានជួសជុល ដូចជាក្នុងសម័យបារាំង ជួសជុល ប្រាសាទធម្មនន្ទ ប្រាសាទបាភួន ជាដើម។ ក្នុងសម័យសង្គ្រាម គេជម្លៀសខ្ញុំទៅវត្តអធ្វារ ក៏ជួសជុលនៅប្រាសាទវត្តអធ្វារទៀត។ ក្រោយសម័យសង្គ្រាម ខ្ញុំក៏ចូលធ្វើការនៅតាមប្រាសាទផ្សេងៗទៀតដូចជា ប្រាសាទបាគង ប្រាសាទលលៃ។ តាំងពីជប៉ុនមកជួសជុលប្រាសាទបាយ័ននេះក្នុងឆ្នាំ១៩៩៤មក ខ្ញុំក៏ចូលមកធ្វើជាមួយគេរហូតមក ដោយបន្តជួសជុលនៅប្រាសាទអង្គរវត្ត ប្រាសាទសួព្រ័ត្រ និងប្រាសាទបាយ័ននេះឯង»។
លោក បន្ថែមថា ដំបូងលោកធ្វើតែការងារជាកម្មករធម្មតាៗ ដូចជា ដាប់ថ្ម ឈូសថ្ម ដំរៀបថ្មជាដើម ដល់យូរៗទៅ កាន់តែជំនាញ គេឲ្យឆ្លាក់ក្បាច់ខ្លះៗ ជំនួសក្បាច់ដែលវាខូច ឥឡូវគាត់កាន់តែមានវ័យចំណាស់ គេឲ្យជួយបង្ហាត់ក្មេងៗ ជំនាន់ក្រោយ និងជួយដឹកនាំការងារមើលការងារខុសត្រូវ លើក្មេងៗដែលមិនទាន់ចេះច្បាស់ ហើយលោក ស្រឡាញ់ការងារនេះណាស់ មិនមែនធ្វើការតែនៅប្រាសាទទេ ទោះជាទៅផ្ទះហើយក៏ដោយ ក៏តែងគិតមមៃ មករកការងារដែលធ្វើរហូត។
មិនត្រឹមតែលោកតាម្នាក់ឯងទេ ដែលមកធ្វើការនៅតាមប្រាសាទ កូនរបស់គាត់៦នាក់ផ្សេងទៀត បូករួមនឹងចៅប្រុសម្នាក់ទៀត ក៏កំពុងធ្វើការនៅតាមប្រាសាទដែរ។ ក្រៅពីលោកតា និងក្រុមគ្រួសាររបស់គាត់ នៅមានអ្នកអង្គររាប់ពាន់ផ្សេងទៀត ដែលមានមុខរបរពាក់ព័ន្ធនឹងកិច្ចអភិរក្សបេតិកភណ្ឌអង្គរ ហើយអ្នកអង្គរ ក៏នៅតែជាឃ្លាំងផ្ទុកនូវទំនៀមទម្លាប់ប្រពៃណីដូនតាដ៏ច្រើន ដែលតំបន់ផ្សេងៗទៀត មិនសូវយកចិត្តទុកដាក់ ឬបានបោះបង់ចោលទៅហើយ។ កិច្ចពិធីទាំងនេះមានដូចជា ពិធីសុំទឹកភ្លៀង ពិធីឡើងមាឃ ពិធីកោរជុកជាដើម៕