(ភ្នំពេញ)៖ បន្ទាប់ពីបានពិភាក្សា យ៉ាងផុសផុលអស់រយៈពេលពីរថ្ងៃ គណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ បានប្តេជ្ញាបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងបង្កើនជំនឿទុកចិត្តគ្នា ព្រមទាំងឯកភាពលើវិធានការជាច្រើនចំណុច ដើម្បីពង្រឹងការងារតាមបន្ទាត់ព្រំដែន រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។

កិច្ចប្រជុំនេះបានធ្វើឡើងចាប់ថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ភាគីកម្ពុជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និង ជានាយកទីចាត់ការការងារព្រំដែន និងភាគីឡាវដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ស៊ីផាន់ ភុតៈវង្ស ប្រធាននាយកដ្ឋានព្រំដែនឡាវ។

កិច្ចប្រជុំរយៈពេលពីរថ្ងៃ ដែលបានធ្វើនៅសណ្ឋាគារ River Palace ក្នុងរាជធានីភ្នំពេញ ភាគីទាំងពីរបានប្រជុំបានពិភាក្សាផ្លាស់ប្តូរ យោបល់គ្នាទៅវិញទៅមក ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន ស្ថិតក្នុងបរិយាកាសមិត្តភាព និងកក់ក្តៅ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីទំនាក់ទំនង ដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។

តាមស្មារតីកិច្ចប្រជុំនេះ ភាគីទាំងពីបានអះអាងបញ្ជាក់សាជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកដូចខាងក្រោម៖

១- ធ្វើសហប្រតិបត្តិការរួមគ្នា ក្នុងក្របខណ្ឌគណៈកម្មាធិការកិច្ច សហប្រតិបត្តិការ រក្សាសន្តិសុខរបៀបរយតាមបណ្តោយព្រំដែន ប្រទេសទាំង២ ដើម្បីទប់ស្កាត់ និង បង្ក្រាបសកម្មភាពខុសច្បាប់នានា នៅតំបន់ព្រំដែនរួមមាន៖ ការឆ្លងដែនខុសច្បាប់ ចរាចរគ្រឿងញៀន បរបាញ់សត្វ នេសាទ ការកាប់ឈើខុសច្បាប់ ជួញដូរ វត្ថុបុរាណ ជួញដូរអាវុធជាតិផ្ទុះ និង សកម្មភាពបទល្មើសឆ្លងដែនផ្សេងៗទៀត។

២- ឯកភាពឲ្យកម្លាំងការពារព្រំដែនប្រទេសទាំង២ សហការដើរល្បាត រួមគ្នាក្នុងភូមិសាស្រ្តដែនដីរបស់ខ្លួនតាមព្រំដែន ដោយធ្វើការ ត្រួតពិនិត្យថែរក្សាការពារ ខ្សែបន្ទាត់ បង្គោលព្រំដែនឲ្យបានគង់វង្ស។ ហាមដាច់ខាតការសាងសង់អ្វីមួយជាឯកតោភាគីក្នុងបរិវេនទាំង សងខាងខ្សែបែងចែកទឹកដែលជាបន្ទាត់ព្រំដែន។

៣- ឯកភាពក្នុងការពង្រឹងនូវជំនឿទុកចិត្ត និងគោរពគ្នាទៅវិញទៅមកពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយព័ត៌មាន ដោយភាគីទាំងពីរប្តេជ្ញា ធ្វើការផ្សព្វផ្សាយតែព័ត៌មានផ្អែកលើការពិតជាក់ស្តែង និងវិជ្ជមាន ក្នុងគោលដៅលើកកម្ពស់ការយោគយល់ និងការទុកចិត្តគ្នា ក្នុងនាមជាអ្នកជិតខាងល្អ។

៤- ឯកភាពឲ្យធ្វើប័ណ្ណចេញចូលរបស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខរបៀបរៀបរយតាមបណ្តោយព្រំដែនដើម្បី ងាយស្រួល ក្នុងការចេញចូលតាមទីតាំងទំនាក់ទំនងក្នុងបរិវេណព្រំដែន។

៥- គាំទ្រនិងអនុត្តតាមកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលប្រទេសទាំង២ ក្នុងការផ្តល់ប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន អចិន្ត្រៃយ៏ក្នុងខេត្តជាប់ព្រំដែន ដើម្បីចេញចូល ឆ្លងកាត់ព្រំដែន។

៦- ឯកភាពក្នុងការការពារសិទ្ធ និងលើកកម្ពស់ការអភិវឌ្ឍន៏ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនក្នុងករណីប្រព្រឹត្តិខុស ភាគីទាំង២ត្រូវជូនដំណឹង និង ដោះស្រាយឲ្យបានល្អពិតប្រាកដ ដោយឈរលើមូលដ្ឋានមនុស្សធម៏ ការយោគយល់ និងអនុវត្តទៅតាម ច្បាប់ប្រទេសនីមួយៗ។
 
៧- កិច្ចប្រជុំបានសម្តែងមោទនភាព ចំពោះលទ្ធផលនៃកិច្ចប្រជុំ ដែលប្រព្រឹត្តទៅដោយ រលូននិងជោគជ័យ ព្រមទាំងបានសម្តែងនូវជំនឿ ជាក់ថា បញ្ហានានាដែលបានឯកភាព ក្នុងកិច្ចប្រជុំនេះ ភាគីទាំង២ នឹងយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព។

៨- កិច្ចប្រជុំក៏បាន ឯកភាពគ្នាឲ្យមានការប្រជុំគណៈកម្មាធិការកិច្ចសហ ប្រតិបត្តិការ រក្សាសន្តិសុខរបៀបរយតាមបណ្តោយព្រំដែន កម្ពុជា-ឡាវ ឡាវ-កម្ពុជា ជួបគ្នាមួយឆ្នាំ ម្តង ដោយប្តូរវេនគ្នាធ្វើម្ចាស់ផ្ទះ។ក្នុងករណីចាំបាច់ ភាគីទាំង២ត្រូវបើកកិច្ចប្រជុំជា បន្ទាន់ តាមការកំណត់សមាភាព និងសមត្ថកិច្ចពាក់ព័ន្ធ។

សូមបញ្ជាក់ថាកម្ពុជា និង ឡាវ មានព្រំដែនរួមគ្នាប្រវែងប្រមា ៥៤០គីឡូម៉ែត្រ។ កម្ពុជា និងឡាវ តែងបានបើកកិច្ចប្រជុំជាមួយគ្នាជាញឹក ញាប់ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែនឲ្យបានល្អប្រសើរ៕