(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ បានថ្លែងជំរុញ និងអំពាវនាវឲ្យយុវជនកម្ពុជា បង្កើនភាពជឿជាក់លើខ្លួនឯង អភិឌ្ឍន៍សមត្ថភាពជំនាញ សមត្ថភាពនៃការផលិត ដើម្បីបង្កើនសក្តានុពល កសាងភាពជោគជ័យរបស់ខ្លួន។
ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែល លោកអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រ បញ្ចប់ការសិក្សានិស្សិត ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា និងបច្ចេកទេសជាន់ខ្ពស់ របស់វិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា ចំនួន៣១១៣នាក់។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «យុវជនម្នាក់តំណាងឱ្យអនាគតមួយ ក្នុងការកសាងអនាគត គ្រួសារមួយដ៍ប្រសើរ ហើយយុវជន គឺជាសសរទ្រូងរបស់ប្រទេសជាតិ ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។ ដូចច្នេះយុវជនត្រូវបង្កើនភាពជឿជាក់ និងអភិវឌ្ឍសមត្ថភាពជំនាញ និងសមត្ថភាពនៃការផលិត ដែលទាំងនេះ គឺជាសក្តានុពលមិនអាចវាស់បាន ក្នុងការកសាងភាពជោគជ័យរបស់ខ្លួន»។
លោក ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ក្រៅពីប្រើប្រាស់សំភារៈឧបទ្ទេស ក្រៅពីការបង្រៀននិស្សិតខ្មែរ បានបង្កើតស្នាដៃស្រាវជ្រាវ បច្ចេកទេសទំនើបៗជាច្រើន ដែលត្រូវបានដាក់បង្ហាញ ហើយទទួលលទ្ធផលល្អ ទាំងក្នុង និងក្រៅប្រទេស ដែលនេះគឺជាមោទនភាព នៃសមត្ថភាពយុវជន និងការផលិតរបស់ប្រជាពលរដ្ឋខ្មែរ នៅក្នុងវិស័យបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។ ឧទាហរណ៍ជាក់ស្តែង វិមានសន្តិភាព គឺជាស្នាដៃវិស្វកម្មរបស់កូនខ្មែ និងស្នាដៃជាច្រើនទៀត។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ទៀថា ក្រោមម្លប់នៃសន្តិភាព វិស័យទេសចរណ៍នៅកម្ពុជា មានការកើនឡើងប្រមាណជិត៥លាននាក់ ដោយសារប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ដែលជាទីកន្លែងគួរចង់មកទស្សនា (ប្រាសាទអង្គរវត្ត) និងមានប្រជាជនមានអត្តចរិត រួសរាយរាក់ទាក់។
លោកបន្តថា វិស័យសេដ្ឋកិច្ចមានការរីកចម្រើន ដែលត្រូវបានគេចាត់ទុក ជាប្រទេសជាប់ចំណាត់ថ្នាក់ ជាប្រទេសមានកំណើនសេដ្ឋកិច្ច លឿនជាងគេ ក្នុងចំណោមបណ្តាប្រទេសដទៃទៀត ដែលមានសេដ្ឋកិច្ចលូតលាស់ នៅលើពិភពលោក ដែលធ្វើឱ្យប្រជាជនរស់នៅក្នុង ជីវភាពធូរធា និងបានធ្វើឱ្យធ្វើឱ្យយុវជនរស់នៅ ក្នុងសេចក្តីសង្ឃឹម និងបង្កឱកាសគ្រប់បែបយ៉ាង ដល់យុជនចូលរួមអភិវឌ្ឍសង្គម។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏សូមអរគុណថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុក្គលិក និងអាណាព្យាបាលដែលបានខិតខំយកចិត្ត ទុកដាក់ បណ្តុះបណ្តាលសិស្ស និស្សិត ឱ្យទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ព្រោះកិច្ចការអភិវឌ្ឍធនធានមនុស្សជាពិសេស ក្នុងវិស័យបច្ចេកទេស និងវិជ្ជាជីវៈជាកិច្ចការដ៍សំខាន់ ដើម្បីអភិវឌ្ឍប្រទេសជាតិ។ នេះគឺជាការចូលរួមចំណែកប្រកបដោយការ ទទួលខុសត្រូវ ជាមួយរដ្ឋាភិបាល ក្នុងបុព្វហេតុកសាងធនធានមនុស្ស៕