(ឧត្តរមានជ័យ)៖ សាកសពបុរសម្នាក់ត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅក្រោយស្ពានអណ្តែងក្នុងទឹកប្រឡាយ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចស្ពានស្រែល្អ ខាងត្បូងភូមិរុងរឿង ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា មានប្រជាពលរដ្ឋ ឈ្មោះ សំបូន ង៉ា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិពង្រ ឃុំអំពិល  ស្រុកបន្ទាយអំពិល បានបើកគោយន្តទៅច្រូតពេលទៅដល់ ត្រង់ចំណុចស្ពានស្រែល្អ ខាងត្បូងភូមិរុងរឿង ឃុំអំពិល បានឃើញសាកសពមនុស្សស្លាប់អណ្តែតទឹក ភ្លាមនោះបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ។

សមត្ថកិច្ចដដែលបានបន្តថា ជនរងគ្រោះខាងលើនេះ ឈ្មោះ អឿត អឿយ ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិត្បែងថ្មីឃុំអំពិល ស្រុកបន្ទាយអំពិល តាមការសាកសួរ និងចុះពិនិត្យដល់កន្លែងកើតហេតុ។ ជនរងគ្រោះបានជិះម៉ូតូបុកបង្គោលដៃស្ពានធ្លាក់ចូលទឹកស្លាប់តែម្តង ដោយរកឃើញមានវត្ថុតាងជាម៉ូតូរងគ្រោះនៅក្នុងទឹកប្រឡាយ ចំណែកគ្មានស្នាកស្នាមអ្វីពាក់ព័ន្ធអំពើឃាតកម្មអ្វីនោះឡើយ។

បច្ចុប្បន្ន ត្រូវបានសមត្ថកិច្ចជំនាញ បានប្រគល់សាកសពរងគ្រោះ ទៅកាន់ក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕