(ភ្នំពេញ)៖ សម្ដេចក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រទេសកម្ពុជាបានទទួល ពានរង្វាន់អន្ដរជាតិ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលបានកាត់បន្ថយអ្នកស្លាប់ និងអ្នករបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយសម្ដេចក្រឡាហោម នឹងអញ្ជើញទៅទទួល នៅពេលខាងមុខនេះ។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងសន្និបាតប៉ុស្ដិ៍នគរបាលទូទាំងប្រទេស លើកទី១ និងការអនុវត្តការងារនគរបាល និងសហគមន៍ នៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវនេះ គេហៅយើងទៅយកពានរង្វាន់ពិភពលោក នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ដែលមានអង្គការមួយនៅស្រុកខ្មែរ បានរាយការណ៍ទៅថា កម្ពុជាយើងបានខិតខំទទួលបានជោគជ័យ នូវការកាត់បន្ថយអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ»។
សម្ដេចក្រឡាហោមបន្ថែមថា ពានរង្វាន់នេះ ជាការលើកទឹកចិត្តដល់ មន្ដ្រីទាំងអស់ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុង ការងារនេះ ហើយប្រសិនបើមិនមានការចូលរួមពីប្រជាពលរដ្ឋ ការងារនេះក៏មិនអាចសម្រេចបាននោះឡើយ។
ជាមួយគ្នានោះ សម្ដេចក្រឡាហោម បញ្ជាក់ដែរថា ប្រើប្រៀបធៀបរយៈពេល១១ខែ ឆ្នាំ២០១៥ និងរយៈពេល១១ខែដូចគ្នា នៅឆ្នាំ២០១៦នេះ កម្ពុជាបានកាត់បន្ថយអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ បានជាង៣០០នាក់ និងអ្នករងរបួស បានរហូតជិត៦០០នាក់។
ទោះជាយ៉ាងណាក៏ដោយ ថ្លែងក្នុងពិធីប្រារព្វទិវាអន្តរជាតិរំលឹក ដល់ជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១១ កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា មនុស្សស្លាប់រាល់ថ្ងៃ បើគិតជាមធ្យម១ថ្ងៃ៦នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍បានកើនឡើង ហើយមានចំនួនច្រើនជាង អ្នកស្លាប់ដោយសង្រ្គាម និងដោយជម្ងឺអេដស៍ ទៅទៀតពីព្រោះការស្លាប់មនុស្ស ដោយសារសង្រ្គាម និងស្លាប់ដោយជម្ងឺអេដស៍ គឺមិនមែនស្លាប់រាល់ថ្ងៃនោះទេ។ ម្យ៉ាងវិញទៀត អ្នកផ្ទុកមេរោគ និងកើតជំងឺអេដស៍ គឺមានថ្នាំពន្យារបាន ឯការធ្វើសង្រ្គាមវិញនោះក៏មានថ្ងៃសម្រាក ផ្អាកការបាញ់គ្នា និងមិនបានស្លាប់រាល់ថ្ងៃនោះទេ ដោយឡែកការស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ គឺមានរាល់ថ្ងៃ និងមានការកើនឡើងរហូត៕