(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងរបៀបចម្អកឲ្យសហរដ្ឋអាមេរិកថា សម្តេចនឹងធ្វើទីលានប្រជាធិបតេយ្យ នៅមុខស្ថានទូតអាមេរិកតែម្តង ប្រសិនបើមានការតវ៉ាប្រឆាំងគម្រោងដោះដូរទីតាំងទីលានប្រជាធិបតេយ្យ របស់សាលារាជធានីភ្នំពេញ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងចម្អកឌីដងបែបនេះ ធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ទិវាជនពិការកម្ពុជា លើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី៣៤ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ នៅកោះពេជ្រ។
សម្តេចនាយករដ្ឋមន្រ្តី បានបង្ហើបឲ្យដឹងថា ទីលានប្រជាធិបតេយ្យ ដែលស្ថិតនៅក្បែរស្ថានទូតអាមេរិក ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាពេលបច្ចុប្បន្ន នឹងត្រូវប្តូរទៅទីតាំងថ្មីស្ថិតនៅតាមផ្លូវជាតិលេខ៥។ បើតាមសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការដោះដូរ ដោយសារទីតាំងចាស់នេះ ធ្វើឲ្យប៉ះពាល់ដល់អ្នកទេសចរ ពាណិជ្ជករ និងអ្នកការទូតផងដែរ។
សម្តេចតេជោ បានថ្លែងដូច្នេះ «ឥឡូវហ្នឹងយើងប្រហែលមិនទុកទីលានប្រជាធិបតេយ្យ នៅកណ្តាលក្រុងបង្កើតភាពរញ៉ែរញ៉ៃ នៅក្នុងហ្នឹងបានទៀតទេ។ សម្តេចក្រឡាហោម កំពុងឲ្យឯកឧត្តម ប៉ា សុជាតិវង្ស រកទីលានប្រជាធិបតេយ្យ ដែលមានលទ្ធភាពទៅធ្វើតាមផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ៦ ហើយយើងយក កន្លែងនេះធ្វើជាសួនច្បារ ហើយយុទ្ធជនពិការរបស់យើង ហើយជនពិការរបស់យើងអាចសម្តែងសិល្បៈនៅទីហ្នឹង។ ប៉ុន្តែអ៊ីចេះដោយសារតែអាមេរិក ពូកែគាំទ្រ បាតុកម្មពេកលើកលើកទីលានប្រជាធិបតេយ្យ ដាក់មុខស្ថានទូតអាមេរិកតែម្តងទៅស្រួល។ តំបន់នេះយើងធ្វើខុសហើយ តំបន់នេះទាក់ទងតំបន់ប្រវត្តិសាស្រ្តវត្តភ្នំ អ៊ីចឹងតែមានស្អីកន្លែងហ្នឹង អ្នកណាមកទេសចរវត្តភ្នំ អ៊ីចឹងយកទៅក្រៅទៅ ហើយបើមិនពេញចិត្តទេ លើកទៅដាក់មុខស្ថានទូតអាមេរិក មានតែប៉ុណ្ណឹង។ អាហ្នឹងសិទ្ធិរបស់យើងតើ!»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ច័ន្ទយ៉ាដា បានឲ្យដឹងដែរថា រដ្ឋបាលសាលារាជធានីភ្នំពេញ បានសំឡឹងរកឃើញទីតាំងថ្មីសម្រាប់ធ្វើទីលាន ប្រជាធិបតេយ្យ នេះហើយ គឺស្ថិតនៅលើសួនច្បារគីឡូម៉ែត្រលេខ៦សូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ដែលស្ថិតមិនឆ្ងាយពីគល់ស្ពានជ្រោយចង្វារនោះឡើយ។
លោក មាន ច័ន្ទយ៉ាដា បានឲ្យដឹងទៀតថា សំណើយកសួនច្បារគីឡូម៉ែត្រលេខ៦សូគីម៉ិច សម្រាប់ធ្វើទីតាំងថ្មីទីលានប្រជាធិបតេយ្យនេះ សាលារាជធានីភ្នំពេញ បានបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃរួចហើយ តែមិនទាន់ទទួលបានការសម្រេចនៅឡើយនោះទេ។
សូមបញ្ជាក់ថា ទីលានប្រជាធិបតេយ្យនាពេលបច្ចុប្បន្ននេះ មានទីតាំងនៅក្បែរវត្តភ្នំ ខាងលិចស្ពាននាគ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទីលានប្រជាធិបតេយ្យ លាតសន្ធឹងលើផ្ទៃដីដែលមានទំហំទទឹង ៥៥ម៉ែត្រ និងបណ្ដោយ ១៩៨ម៉ែត្រ។ ទីលាននេះ ត្រូវប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយលោក កែប ជុតិមា ដែលកាលនោះលោកជាអភិបាលរាជធានីភ្នំពេញ។
ទីលាននេះ ប្រើសម្រាប់ប្រជាពលរដ្ឋ មន្រ្តីអង្គការសង្គមស៊ីវិល ព្រមទាំងគណបក្សនយោបាយផងដែរ ធ្វើការជួបជុំ ដើម្បីសម្តែងមតិ ឬ តវ៉ាទៅលើបញ្ហាផ្សេងៗ ដែលពួកគេមិនពេញចិត្ត ដើម្បីស្វែងរកដំណោះស្រាយពីរាជរដ្ឋាភិបាល ឬអ្នកពាក់ព័ន្ធដទៃទៀត។
កាលពីឆ្នាំ២០១៣ ក្រោយពេលលទ្ធផលបោះឆ្នោតគណបក្សសង្រ្គោះជាតិ បានយកទីលានប្រជាធិបតេយ្យប្រមូលផ្តុំអ្នកគាំទ្រ របស់រាប់ពាន់នាក់ធ្វើការតវ៉ាប្រឆាំង លទ្ធផលឆ្នោតអស់ជាច្រើនខែ តែទីបំផុតក្រុមអ្នកតវ៉ាត្រូវបានបំបែកដោយកម្លាំងរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ក្រោយសង្កេតឃើញថា ការតវ៉ានោះឈានដល់ការផ្ទុះហិង្សា និងមានការវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃផងនោះ៕
សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖