Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ករណីសង់របងថ្មរំលោភចំណីផ្លូវសាធារណៈ ជិត៥ម៉ែត្រ អាជ្ញាធរខណ្ឌដូនពេញ ឲ្យម្ចាស់ផ្ទះវាយចោលតែ២ម៉ែត្រ ព្រោះយល់ថា «ម្ចាស់ផ្ទះជាថ្នាក់ដឹកនាំ»

06-12-2016 14:14

(ភ្នំពេញ)៖ ករណីម្ចាស់ផ្ទះដែលប្រភពព័ត៌មានមួយចំនួនថា ជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានសង់របងថ្មរំលោភចំណីផ្លូវសាធារណៈ ជិត៥ម៉ែត្រ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ ប្រាប់ឲ្យម្ចាស់ផ្ទះវាយចោលតែ២ម៉ែត្រ ហើយនៅសល់អាចទុកបាន ព្រោះយល់ថា «គាត់ជាថ្នាក់ដឹកនាំ»។

ម្ចាស់ផ្ទះដែលសង់របងថ្មដ៏រឹងមាំ កម្ពស់ជិត២ម៉ែត្រ លយចូលចំណីផ្លូវសាធារណៈចំនួន ៤.៤៥ម៉ែត្រ ស្ថិតនៅផ្ទះលេខ៣៧ ផ្លូវលេខ៧៥ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ កាលពីល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ បានចុះណែនាំទុករយៈពេល២ថ្ងៃ ឲ្យម្ចាស់ផ្ទះវាយបំផ្លាញដោយខ្លួនឯង។

ម្ចាស់ផ្ទះសង់រំលោភចំណីផ្លូវខាងលើនេះ ត្រូវបានប្រភពព័ត៌មានមួយចំនួនប្រាប់ថា ឈ្នោះ សូត សម្បត្តិ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។

ប៉ុន្តែនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ចាន់ បណ្ឌិត នាយករងរដ្ឋបាលសាលាខណ្ឌដូនពេញ បានឲ្យដឹងថា អាជ្ញាធរសម្រេចឲ្យគាត់ជាម្ចាស់ផ្ទះ វាយចោលប្រហែល២ម៉ែត្រ ព្រោះគាត់ជាថ្នាក់ដឹកនាំផងដែរ។ ការទុកឲ្យគាត់វាយនោះ នឹងឲ្យធ្វើនៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះតែម្តង។

លោក ចាន់ បណ្ឌិត បានបញ្ជាក់ថា «យើងឲ្យគាត់វាយចោល ២ម៉ែត្រ ដល់បង្កោលភ្លើង ហើយនៅសល់ យើងយោគយល់ ព្រោះតែគាត់ជាថ្នាក់ដឹកនាំផងដែរ ចឹងយើងជាមន្រ្តីរាជការដូចគ្នា ក៏យោគយល់ទៅ»

យ៉ាងណាក៏ដោយ នាយករងរដ្ឋបាលសាលាខណ្ឌដូនពេញរូបនេះ មិនបានបញ្ជាក់ថា ម្ចាស់ផ្ទះខាងលើ ធ្វើការនៅទីណានោះទេ។

សូមបញ្ជាក់ថា សម្រាប់ខណ្ឌដូនពេញ ត្រូវបានថ្នាក់ដឹកនាំសម្រេចផ្លាស់ប្ដូរអភិបាលខណ្ឌ ដោយលោក គួច ចំរើន ត្រូវតែងតាំងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ ជំនួសដោយលោក សុខ ពេញវុធ ដែលជាអភិបាលរងឡើងជំនួសវិញ។ ពិធីប្រកាសផ្លាស់ប្ដូរអភិបាលខណ្ឌដូនពេញថ្មី នឹងធ្វើឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ៕