(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា មន្ដ្រីពន្ធនាគារមិនត្រូវធ្វើការស្នើសុំលើកលែងទោស ឬបន្ធូរបន្ថយទោស ចំពោះអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀននោះទេ ពោលត្រូវជាប់ទោសតាមច្បាប់ដែលបានកំណត់។
សម្ដេច ស ខេង បានបញ្ជាក់ នៅក្នុងសន្និបាតប៉ុស្ដិ៍នគរបាលទូទាំងប្រទេស លើកទី១ និងការអនុវត្តការងារនគរបាល និងសហគមន៍ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះថា «ខាងពន្ធនាគារ មិនត្រូវស្នើលើកលែងទោស ឬបន្ថួរបន្ថយទោសចំពោះ អ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀននោះទេ ហើយនៅក្នុងច្បាប់ក៏បានចែងច្បាស់ដែរថា អ្នកដែលប្រព្រឹត្តបទល្មើសគ្រឿងញៀន គឺមិនត្រូវបានយកមកពិនិត្យ លើកលែងទោស ឬបន្ធូរបន្ថយទោសនោះទេ ដាច់ខាតត្រូវតែជាប់គុកតាមឆ្នាំដែលកំណត់ ឬក៏ចាប់ពីប៉ុន្មានទៅជាប់គុកអស់មួយជីវិតតែម្ដង»។
ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា ខាងស្ថាប័នតុលាការ ត្រូវតែអនុវត្តឲ្យម៉ឺងម៉ាត់ ចំពោះការអនុវត្តទោស អ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន ធ្វើយ៉ាងណាដើម្បីឲ្យអ្នកប្រព្រឹត្តរៀងចាល។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្រសួងយុត្ដិធម៌ បានធ្វើការស្នើទៅព្រះមហាក្សត្រ ដើម្បីសុំធ្វើការបន្ធូរបន្ថយ និងលើកលែងទោស រយៈពេល៣ដងក្នុងឆ្នាំ ពោលគឺបុណ្យឆ្នាំខ្មែរប្រពៃណីជាតិ ពិសាខបូជា និងព្រះរាជពិធីបុណ្យអុំទូក៕