(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយ អង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) បានរៀបចំកិច្ចពិភាក្សាលើសេចក្ដីព្រាងសៀវភៅ មគ្គុទេសក៍ស្ដីពី «ការពិនិត្យបញ្ជាក់ពីភាពត្រឹមត្រូវ នៃរោងចក្រវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា» ដោយបានបង្ហាញគោលការណ៍ ៩ចំណុច ក្នុងការធ្វើឲ្យរោងចក្រទាំងនេះ កាន់តែមានភាពត្រឹមត្រូវជាងមុន។
កិច្ចភាក្សាខាងលើ ធ្វើឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ នាសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ ក្រោមអធិបតីភាព លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងជាតំណាងរបស់លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ដែលមានការចូលរួមពីលោក George Edgar ឯកអគ្គរដ្ឋទូតសហគមន៍អ៉ឺរ៉ុបប្រចាំកម្ពុជា តំណាងអង្គការ OECD តំណាងឧស្សាហកម្មក្នុងស្រុក និងសាកលលោក សង្គមស៊ីវិល និងភាគីពាក់ព័ន្ធមួយចំនួន។
កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងសៀវភៅខាងលើ ធ្វើឡើងក្នុងគោលបំណងពិភាក្សា លើលទ្ធភាពដែលអាចទទួលយកបានទាំងអស់គ្នា នៃសៀវភៅនេះ ដើម្បីយកទៅអនុវត្តជាមួយវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា។
លោករដ្ឋលេខាធិការ អ៊ុំ មាន បានឲ្យដឹងថា «សៀវភៅមគ្គុទេសក៍នេះ ត្រូវបានតាក់តែងឡើងដោយយោងទៅលើគោលការណ៍ណែនាំរបស់អង្គការ OECD ដែលណែនាំសហគ្រាសពហុជាតិនានា ផ្តោតការយកចិត្តទុកដាក់លើបញ្ហាចំនួន ៩ចំណុច ដើម្បីឲ្យការធ្វើអាជីវកម្មរបស់ពួកគេ ត្រូវបានធ្វើឡើងដោយការទទួលខុសត្រូវ រួមមាន៖ ១-ការបង្ហាញព័ត៌មាន, ២-សិទ្ធិមនុស្ស, ៣-ការងារ និងទំនាក់ទំនងវិជ្ជាជីវៈ, ៤-បរិស្ថាន, ៥-ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការទាមទារសំណូក និងការជម្រិតទារប្រាក់, ៦-ផលប្រយោជន៍របស់អតិថិជន, ៧-វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, ៨-ការប្រកួតប្រជែង, ៩-ពន្ធដារ»។
លោកបន្តថា កម្ពុជាក៏ធ្លាប់បានចាត់តាំងឲ្យតំណាងក្រសួងការងារ ទៅចូលរួមកិច្ចប្រជុំតុមូលស្តីពី សេចក្តីព្រាងសៀវភៅមគ្គុទេសក៍នេះ រួចមកហើយដែរ កាលពីថ្ងៃទី០១-០២ ខែតុលា ឆ្នាំ២០១៥ កន្លងទៅ នៅទីស្នាក់ការអង្គការ OECD នាទីក្រុងប៉ារីស ដោយមានការចូលរួមពីតំណាងប្រទេស ជាសមាជិករបស់អង្គការ OECD អង្គការអន្តរជាតិនានា អ្នកបញ្ជាទិញ សហជីពអន្តរជាតិ និងអង្គការនិយោជកអន្តរជាតិ សរុបចំនួន ២០០នាក់។
ដោយឡែក នៅថ្ងៃទី០៨-០៩ ខែមករា ឆ្នាំ២០១៧ ខាងមុខ អង្គការ OECD គ្រោងនឹងរៀបចំកិច្ចប្រជុំតុមូលម្តងទៀត នៅទីក្រុងប៉ារីសដដែល ហើយតំណាងក្រសួងការងារកម្ពុជា ក៏ត្រូវបានអញ្ជើញឲ្យចូលរួម ដើម្បីចែករំលែកលទ្ធផលនៃកិច្ចពិភាក្សា នាថ្ងៃនេះផងដែរ។
សូមជម្រាបថា អង្គការ OECD មានទីស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង មានសមាជិកចំនួន ៤៦ប្រទេស ហើយប្រទេសទាំងនោះ ក៏បានឯកភាពលើសេចក្តីព្រាងសៀវភៅមគ្គុទេសក៍នេះផងដែរ បើទោះបីជាសៀវភៅនេះ មិនទាន់ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក៏ដោយ៕