(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងអរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយច្រើនជាងគេ ដល់សាលាក្តីខ្មែរក្រហម និងផ្តល់ជំនួយបច្ចេកទេស សម្ភារៈ និងបរិក្ខារដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីរៀបចំការចុះឈ្មោះបោះឆ្នោត ឲ្យបានដំណើរការទៅដោយរលូន តាមពេលវេលាកំណត់ និងទទួលបានលទ្ធផលល្អ។
សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងត្រៀមរៀបចំ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០១៧ ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅក្នុងឆ្នាំ២០១៨ ដើម្បីឲ្យគ្រប់ការបោះឆ្នោតទាំងនេះប្រព្រឹត្តទៅ ដោយរលូន និងល្អប្រសើរ ក្នុងបរិយាកាសសន្តិភាព គ្មានអំពើហិង្សា សេរី ត្រឹមត្រូវ និងយុត្តិធម៌។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងបែបនេះ ខណៈសម្តេច អនុញ្ញាតឲ្យលោក Hidehisa HORINOUCHI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ។
ជាការឆ្លើយតប ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណចំពោះសម្តេចប្រធាន ដែលបានអនុញ្ញាតឲ្យលោកចូលជួបនា ឱកាសនេះ។ ឯកអគ្គរាជទូតជប៉ុន បានវាយតម្លៃខ្ពស់ថា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាមានកាអភិវឌ្ឍយ៉ាងលឿន ដែលឆ្លុះបញ្ចាំងពីការខិតខំ និងជោគជ័យរបស់ រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង ការរួមចំណែកយ៉ាងសកម្មលើវិស័យឯកជន។ ឯកអគ្គរាជទូត សង្ឃឹមថា ក្នុងអំឡុងពេលបំពេញ បេសកកម្ម របស់លោកនៅកម្ពុជាលើកនេះ នឹងរួមចំណែកធ្វើឲ្យ ទំនាក់ទំនងរវាងរដ្ឋាភិបាល ប្រជាជន អង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំង២ កាន់តែរឹងមាំ និងទូលំទូលាយថែមទៀត៕