(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឲ្យដឹងថា ទីលានប្រជាធិបតេយ្យស្ថិតនៅក្បែរស្ថានទូតអាមេរិក ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នឹងត្រូវប្តូរទៅទីតាំងថ្មីតាមបណ្តោយផ្លូវជាតិលេខ៥ ហើយយកទីតាំងចាស់យកទៅ ធ្វើជាសួនច្បារបម្រើជាប្រយោជន៍សាធារណៈ ព្រមទាំងមានការសាងសង់ កន្លែងសម្រាប់ជនពិការប្រគំតន្ត្រីផងដែរ។
ការបង្ហើបរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងពេលអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ និង ទិវាជនពិការអន្តរជាតិលើកទី៣៤ នៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តំបន់ទីលានប្រជាធិបតេយ្យចាស់នេះ បានបង្កការរំខានទៅដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ទៅទស្សនាកម្សាន្តនៅបូជនីយដ្ឋានវត្តភ្នំ ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយនោះ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ទីតាំងទីលានប្រជាធិបតេយ្យនេះ ជាតំបន់សម្រាប់អ្នកពាណិជ្ជកម្ម អ្នកការទូត និងសម្រាប់ អ្នកទេសចរផងដែរ ដែលគួរតែត្រូវប្តូរចេញ ដើម្បីចៀសការបង្កផលប៉ះពាល់។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថែមទៀតថា ទីលានប្រជាធិបតេយ្យបើទោះបីផ្លាស់ប្តូរទៅទីតាំងផ្សេង ក៏មិនប៉ះពាល់ដល់ដំណើរការ នៃការសម្តែងមតិ ឬ តវ៉ានោះទេ ព្រោះការតវ៉ាមិនមែនសម្រាប់ឲ្យប្រជាពលរដ្ឋទៅឈរមើលនោះទេ គឺប្រជាពលរដ្ឋអាចមើលតាមបណ្តាញព័ត៌មាន ឬ បណ្តាញសង្គម Facebook ជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ចែងឲ្យយកទីតាំងទីលានប្រជាធិបតេយ្យចាស់ធ្វើជាសួនច្បារ សម្រាប់ប្រជាពលរដ្ឋលំហែកាយ ហើយឲ្យយកមួយចំណែកធ្វើជាកន្លែងសម្រាប់ក្រុមជនពិការប្រគំតន្ត្រីរកថវិកាផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏ឆ្លៀតចម្អកឲ្យអាមេរិកផងដែរ ប្រសិនបើអាមេរិកប្រតិកម្មនឹងការរុះរើទីតាំងទីលានប្រជាធិបតេយ្យនេះ ព្រមទាំងពូកែគាំទ្របាតុកម្មផងនោះ សម្តេចនឹងធ្វើទីលានប្រជាធិបតេយ្យនៅមុខស្ថានទូតអាមេរិកតែម្តង។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ច័ន្ទយ៉ាដា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការដោះដូរទីលានប្រជា ធិបតេយ្យនេះ ធ្វើឡើងបន្ទាប់ពីមានសំណើរបស់ប្រជាពលរដ្ឋរស់នៅជុំវិញទីលានប្រជាធិបតេយ្យ និង សមាគមធនាគារស្ថិតនៅតំបន់នោះ។ បើតាមលោក មាន ច័ន្ទយ៉ាដា ក្រុមប្រជាពលរដ្ឋរស់នៅជុំវិញទីលានប្រជាធិបតេយ្យ និង សមាគមធនាគារ បានលើកឡើងក្នុងវេទិកាសាធារណៈថា រាល់ពេលមានការសម្តែងមតិម្តងៗនៅលើទីលានប្រជាធិបតេយ្យនេះ បានធ្វើឲ្យប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹម ជីវិតប្រចាំថ្ងៃរបស់ពួកគេ។
លោក មាន ច័ន្ទយ៉ាដា បានឲ្យដឹងដែរថា រដ្ឋបាលសាលារាជធានីភ្នំពេញ បានសំឡឹងរកឃើញទីតាំងថ្មីសម្រាប់ធ្វើទីលានប្រជាធិបតេយ្យ នេះហើយ គឺស្ថិតនៅលើសួនច្បារគីឡូម៉ែត្រលេខ៦សូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ដែលស្ថិតមិនឆ្ងាយពីគល់ស្ពានជ្រោយចង្វារនោះឡើយ។
លោក មាន ច័ន្ទយ៉ាដា បានឲ្យដឹងទៀតថា សំណើយកសួនច្បារគីឡូម៉ែត្រលេខ៦សូគីម៉ិច សម្រាប់ធ្វើទីតាំងថ្មីទីលានប្រជាធិបតេយ្យនេះ សាលារាជធានីភ្នំពេញ បានបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃរួចហើយ តែមិនទាន់ទទួលបានការសម្រេចនៅឡើយនោះទេ។
សូមបញ្ជាក់ថា ទីលានប្រជាធិបតេយ្យនាពេលបច្ចុប្បន្ននេះ មានទីតាំងនៅក្បែរវត្តភ្នំ ខាងលិចស្ពាននាគ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ ទីលានប្រជាធិបតេយ្យលាតសន្ធឹងលើផ្ទៃដីដែលមានទំហំទទឹង ៥៥ម៉ែត្រ និងបណ្ដោយ ១៩៨ម៉ែត្រ។ ទីលាននេះ ត្រូវប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយលោក កែប ជុតិមា ដែលកាលនោះលោកជាអភិបាលរាជធានីភ្នំពេញ។
ទីលាននេះ ប្រើសម្រាប់ប្រជាពលរដ្ឋ មន្រ្តីអង្គការសង្គមស៊ីវិល ព្រមទាំងគណបក្សនយោបាយផងដែរ ធ្វើការជួបជុំ ដើម្បីសម្តែងមតិ ឬ តវ៉ាទៅលើបញ្ហាផ្សេងៗ ដែលពួកគេមិនពេញចិត្ត ដើម្បីស្វែងរកដំណោះស្រាយពីរាជរដ្ឋាភិបាល ឬ អ្នកពាក់ព័ន្ធដទៃទៀត។
កាលពីឆ្នាំ២០១៣ ក្រោយពេលលទ្ធផលបោះឆ្នោតគណបក្សសង្រ្គោះជាតិ បានយកទីលានប្រជាធិបតេយ្យប្រមូលផ្តុំអ្នកគាំទ្ររាប់ពាន់នាក់ ធ្វើការតវ៉ាប្រឆាំងលទ្ធផលឆ្នោតអស់ជាច្រើនខែ តែទីបំផុតក្រុមអ្នកតវ៉ាត្រូវបានបំបែកដោយកម្លាំងរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ក្រោយសង្កេតឃើញថា ការតវ៉ានោះឈានដល់ការផ្ទុះហិង្សា និងមានការវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃផងនោះ៕
ទីលានប្រជាធិបតេយ្យស្ថិតនៅក្បែរស្ថានទូតអាមេរិក