(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ សាលាឧទ្ធរណ៍ បានបើកសវនាការជំនុំជម្រះលើសំណុំរឿង លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងករណីបរិហាកេរ្តិ៍ ទៅលើមន្ត្រីតុលាការខេត្តសៀមរាប២រូប។ បន្ទាប់ពីបើកសវនាការនេះ សាលាឧទ្ធរណ៍បានសម្រេចថា នឹងប្រកាសសាលដីកានៃសំណុំរឿងនេះ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។
គួររំលឹកថា លោក ឃី ឆៃ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ បានប្រកាសសាលក្រមផ្តន្ទាទោសលោក នី ចរិយា អតីតប្រធានផ្នែកស៊ើបអង្កេតសមាគមការពារសិទ្ធិ មនុស្សអាដហុក និង បច្ចុប្បន្នជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដាក់ពន្ធនាគាររយៈពេល៦ខែ និងពិន័យជាប្រាក់ចំនួន៦លានរៀល ពាក់ព័ន្ធករណីបរិហារកេរ្តិ៍ មន្ត្រីតុលាការខេត្តសៀមរាបពីររូប ។
លោក នី ចរិយា ជាប់ចោទពីបទបរិហាកេរ្តិ៍ជាសាធារណៈ បទប្តឹងបរិហាបង្កាច់កេរ្តិ៍ និងបទផ្សព្វផ្សាយនិង អត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្ថាធិការ ។ បច្ចុប្បន្ន លោក នី ចរិយា ក៏ត្រូវបានតុលាការចោទប្រកាន់ពីសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដែលមានអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាជនរងគ្រោះ ផងដែរ ៕