(ភ្នំពេញ)៖ នាឱកាសនៃពិធីសម្ពោធ ដាក់ដំណើរការជាផ្លូវការរោងចក្រផលិតភេសជ្ជៈ កម្ពុជា (កូកា-កូឡា) ក្រោមអធិបតីភាពសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងនៅក្នុងរបាយការណ៍ របស់លោកជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ថា បច្ចុប្បន្ន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានក្រុមហ៊ុនអាមេរិកចំនួន ០២ គឺ កូកា-កូឡា និង ប៉ិបស៊ី- កូឡា។ ទន្ទឹមនឹងនោះ ក៏មានរោងចក្រផលិត ភេសជ្ជៈបរទេស និងក្នុងស្រុកជាច្រើនទៀត បាននិងកំពុង ដំណើរការផលិតកម្ម (រោងចក្រធុនធំ ចំនួន ២៧រោងចក្រ ក្នុងនោះនៅរាជាភ្នំពេញ មានចំនួន ៨រោងចក្រ និងរោងចក្រខ្នាតតូច និងមធ្យម ចំនួន៦០៣ មូលដ្ឋាន)។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា បានចាប់ផ្តើមវិនិយោគបង្កើតឡើងវិញ នូវរោងចក្រផលិតភេសជ្ជៈ (កូកា-កូឡា) នៅឆ្នាំ១៩៩៣។ នៅកាលនោះ ក្រុមហ៊ុនបានវិនិយោគទុនចំនួន ១០លានដុល្លារអាមេរិក ដើម្បីដំណើរការផលិតកម្ម អាជីវកម្ម ផលិតផលទឹកក្រូច ចំនួន ០២មុខ គឺ Coca Cola និង Fanta (ជាប្រភេទដប) សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលមានតែមួយខ្សែសង្វាក់ ផលិតកម្មប៉ុណ្ណោះ និងមានបុគ្គលិក-កម្មករ ចំនួន ១០០នាក់ មានទីតាំងស្ថិតនៅ អគារលេខ២៨៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ផ្តើមចេញពីកត្តាអំណោយផល នៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គមនៅទូទាំងប្រទេស ដែលជាផ្លែផ្កាដ៏ពិសិដ្ឋ នៃនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជាមានលទ្ធភាព និងឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ បានកាន់តែជឿនលឿន យ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ផ្អែកលើស្ថានភាព អំណោយផលនេះ ក្រុមហ៊ុនបានធ្វើការវិនិយោគបន្ថែម ជាបន្តបន្ទាប់ ស្របទៅតាមកំណើនសេដ្ឋកិច្ច របស់កម្ពុជា ដោយនៅឆ្នាំ១៩៩៧ ក្រុមហ៊ុនបានពង្រីកបន្ថែមខ្សែសង្វាក់ផលិតកម្ម ទឹកក្រូចកំប៉ុង ដោយបានបន្ថែមទុនវិនិយោគប្រមាណជា ១៥លានដុល្លារអាមេរិក ពលកម្មសរុបកើនដល់ចំនួន ២០០នាក់។ នៅឆ្នាំ២០០៨ ក្រុមហ៊ុនក៏បានពង្រីកទុនវិនិយោគទ្វេដង បន្ថែមទៀត លើដំណើរការផលិតកម្ម ដោយផលិតនូវមុខផលិតផលថ្មីទៀត ដូចជា ភេសជ្ជៈ Samurai, ភេសជ្ជៈរសជាតិ ទឹកដោះគោ ភេសជ្ជៈរសជាតិទឹកផ្លែឈើ ទឹកពិសាដប Dasani និង Aquarius ជាដើម។
ដោយពិនិត្យឃើញនូវសក្តានុពល នៃសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ក្រុមហ៊ុនភេសជ្ជៈកម្ពុជា បានចាប់យកឱកាសដែលកំពុងផ្តល់ភាព អនុគ្រោះដល់ការវិនិយោគ នៅកម្ពុជា ហើយបានសម្រេចចិត្ត ធ្វើការបណ្តាក់ទុនវិនិយោគបន្ថែមចំនួន ១០០លានដុល្លារអាមេរិក ក្នុងការសាងសង់រោងចក្រថ្មី នៅទីនេះ លើផ្ទៃដីទំហំ ១២,៣ហិកតា ក្នុងនោះមានអគារផលិតកម្ម រោងចក្រ និងអគាររដ្ឋបាល ព្រមទាំងអគារផ្សេងៗទៀត មាន ទំហំ ១៦.០០០ម២ ដែលបានសាងសង់ ក្នុងរយៈពេល០១ឆ្នាំ។ ខ្សែសង្វាក់ផលិតកម្មថ្មី ដែលបាន និងកំពុងដំណើរការ ដោយប្រើប្រាស់បច្ចេកវិជ្ជាថ្មី ទំនើបទាន់សម័យនេះ មានសមត្ថភាពផលិតចំនួន ៥៤.០០០ដប ក្នុងមួយម៉ោង និងចំនួន ៦០.០០០កំប៉ុង ក្នុងមួយម៉ោង សម្រាប់ការផ្គត់ផ្គង់ផលិតផល ដល់ទីផ្សារក្នុងស្រុក ឲ្យបានគ្រប់គ្រាន់ តាមតម្រូវការរបស់អតិថិជន ដែលចេះតែកើនឡើង និងបានបង្កើតការងារចំនួន ៨១៧នាក់ (ស្រីចំនួន ៦១៧នាក់) ក្នុងនោះ បម្រើការក្នុងរោងចក្រផ្ទាល់ មានចំនួន ១១៦នាក់។
ក្រៅពីការងារផលិតកម្ម អាជីវកម្ម ក្រុមហ៊ុននៅបានចូលរួមចំណែក ក្នុងការកសាង និងអភិវឌ្ឍន៍សង្គម ដូចជា បានផ្តល់អាហារូបករណ៍ដល់និសិ្សត សហព័ន្ធយុវជនកម្ពុជា ចំនួន ១០រូប ផ្តល់កង់ចំនួន ១០០គ្រឿង មួកសុវត្ថិភាពចំនួន ៥០០មួក ដល់សិស្សានុសិស្សនៅក្នុងខណ្ឌពោធិ៍សែនជ័យ។ បន្ថែមពីលើនេះ ក្រុមហ៊ុនក៏បានកសាងគម្រោង អភិវឌ្ឍន៍ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ រយៈពេលមធ្យម និងវែង ចាប់ពីឆ្នាំ២០១១-២០១៦ សម្រាប់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា មានដូចជា ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និង ខេត្តស្វាយរៀង ដោយចំណាយថវិកា សរុបចំនួន ៥២៥.០០០ដុល្លារអាមេរិក។
បន្ថែមពីលើរបាយការណ៍យ៉ាងលម្អិត ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងថា ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) លំដាប់អន្តរជាតិមួយនេះ ដែលបានសម្រេចចិត្តវិនិយោគ បង្កើតរោងចក្រ និងពង្រីកសមត្ថភាព ផលិតជាបន្តបន្ទាប់ នៅក្នុងប្រទេសយើង គឺជាសក្ខីភាពនៃការរីកចម្រើនថ្មីមួយទៀត នៃខឿនឧស្សាហកម្មនៅកម្ពុជា ដូចពាក្យស្លោកលើកឡើងថា «ឧស្សាហកម្មជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចជាតិ»។ សមិទ្ធផលថ្មីៗទាំងអស់នេះ ពិតជាបានចូលរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ សំដៅជំរុញការអភិវឌ្ឍវិស័យកម្មន្តសាល និងឧស្សាហកម្មកែច្នៃកសិផល តាមរយៈការធ្វើសមាហរណកម្ម ទៅនឹងខ្សែចង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក ការតម្រង់ទិសអភិវឌ្ឍតំបន់ឧស្សាហកម្ម ដើម្បីធានានូវភាពប្រមូលផ្តុំ ការតភ្ជាប់សេដ្ឋកិច្ច និងការប្រកួតប្រជែង ការធ្វើវិចារណកម្មតំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍសួនឧស្សាហកម្ម និងកន្សោមឧស្សាហកម្ម។
ជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រី តាងនាមឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏ដូចជាវិស័យឯកជន ប្តេជ្ញាចិត្តអនុវត្តឲ្យបានសម្រេចជោគជ័យ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ កិត្តិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី៕