(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹង នយោបាយកូរ៉េខាងជើង និងអាវុធនុយក្លេអ៊ែរលោក Joseph Yoon បានលើកឡើងថាសហរដ្ឋអាមេរិក និងបណ្តាប្រទេសជាដៃគូគួរតែបន្ថែមនូវការដាក់ទណ្ឌកម្ម និងសម្ពាធបន្តទៀតទៅលើប្រទេសកូរ៉េខាងជើងដើម្បីបង្ខំឲ្យរដ្ឋកុម្មុយនិស្តមួយនេះ ងាកមកចូលរួមតុចរចាស្តីពី ការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរវិញ។ នេះបើតាមសារព័ត៌មានយ៉ុនហាប់ ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។
មន្ត្រីអាមេរិកខាងលើនេះបានបន្តទៀតថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរ គឺជាគោលដៅចម្បងទីមួយរបស់សហរដ្ឋអាមេរិក ប៉ុន្តែប្រទេសកូរ៉េខាងជើងហាក់ដូចជា គ្មានឆន្ទៈបន្តិចសោះនៅក្នុងការចូលរួមកិច្ចចរចាឡើងវិញអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ លោក Yoon លើកឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជាដឹងថាទណ្ឌកម្ម និងដោះស្រាយផ្សេងៗនឹងមានប្រសិទ្ធភាពអាចបញ្ឈប់អ្វីមួយតែរហូតនោះទេ ប៉ុន្តែវាជាឧបករណ៍មួយដែលអាចបង្ខំកូរ៉េខាងជើងឲ្យចូលតុចរចាវិញបាន ដូច្នេះយើងតែត្រូវតែបន្តការដាក់សម្ពាធ...»។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងមួយរយៈពេលចុងក្រោយនេះ ហាក់មិនបានបង្ហាញសញ្ញាណាមួយថានឹងបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ ឬក៏ចូលរួមកិច្ចចរចាអ្វីឡើយ ក្រៅតែពីការធ្វើតេស្តសាកល្បងទាំងគ្រាប់មីស៊ីល និងអាវុធនុយក្លេអ៊ែរជាច្រើនលើកនៅក្នុងឆ្នាំ២០១៦នេះ ដោយមិនខ្វល់ពីទណ្ឌកម្ម ឬក៏ការអំពាវនាវពីសហគមន៍អន្តរជាតិនោះឡើយ។ តួយ៉ាងដូចជាទណ្ឌកម្មខ្ទប់ដង្ហើមសេដ្ឋកិច្ច ដែលអង្គការសហប្រជាជាតិទើបតែបានដាក់កាលពីសប្តាហ៍មុននេះ ក៏កូរ៉េខាងជើងហាក់មិនបានបង្ហាញការកោតខ្លាចបន្តិចនោះដែរ៕