(ភ្នំពេញ)៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយអង្គការ ICANN (Internet Corporation for Assigned Names and Numbers) បើកសិក្ខាសាលាបណ្ដុះបណ្ដាលមួយ មានរយៈពេល០៥ថ្ងៃ ស្តីពី DNS/DNSSEC (Domain Name System Security Extensions)។
សិក្ខាសាលនេះ រៀបចំឡើងចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រារព្ធពិធីបើកដោយ លោក ឈី សុខា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន និងមានការអញ្ជើញចូលរួមពីសិក្ខាកាម មកពីបណ្ដាលក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន និងប្រតិបត្តិករ ទូគមនាគមន៍នានាសរុបចំនួន៥០រូប។
សូមជម្រាបថា DNS/DNSSEC ជាធនធានដ៏សំខាន់របស់អ៊ីនធឺណិត ដែលមិនអាចខ្វះបាន និងមានតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ភាពងាយស្រួល សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិត ដូចជាការប្រើប្រាស់ឈ្មោះគេហទំព័រ ដោយមិនចាំបាច់ចងចាំ អាសយដ្ឋានជាលេខ (IP Address)។ សិក្ខាសាលានេះមានគោលបំណង បណ្តុះបណ្តាលជូនដល់សិក្ខាកាម អំពីដំណើរការការតម្លើង ការកំណត់រចនាសម្ព័ន្ធ និងការពិសោធន៍សាកល្បងផ្ទាល់ ទៅលើការប្រើប្រាស់ DNS/DNSSEC។
បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលខាងលើ សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹងថ្មីៗ ដែលជាប្រយោជន៍ដល់ការគ្រប់គ្រង DNS/DNSSEC នៅតាមបណ្តាក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន និងប្រតិបត្តិករទូរគមនាគមន៍នានាប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងមានសន្តិសុខល្អប្រសើរ៕