(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ដល់ទិវាជនពិការកម្ពុជា លើកទី១៨ ដែលរៀបចំឡើង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលតែងតែបានផ្តល់ការលើកឡើងទឹកចិត្ត និងបានផ្តល់ទីលំនៅ ដីធ្លី ផ្ទះសម្បែងជូនដល់ជនពិការ, ខណៈដែលជនពិការចំនួនជាង២ម៉ឺននាក់ បាននឹងកំពុងរៀនសូត្រ នៅកម្រិតសិក្សាដោយគ្មានរើសអើង នៅក្នុងសង្គម។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យស្ថាប័នរបស់រដ្ឋកសាង និងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនពិការ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យគ្រឹះស្ថានសាធារណៈមុនគេ ក្នុងការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជនពិការ ដើម្បីអូសទាញឲ្យវិស័យឯកជនអនុវត្តតាម។
* សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ទីតាំងវត្តភ្នំ សម្រាប់ការសម្តែងសិល្បៈ, ការប្រគុំតន្រ្តីជនពិការ។ តែសម្តេចស្នើឲ្យក្រុមជនពិការបញ្ចូលគ្នាជាក្រុម ហើយមិនត្រូវនៅជាក្រុមតូចៗនោះទេ យ៉ាងច្រើន៥ក្រុម។
* សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា ក្រសួងមហាផ្ទៃកំពុងរកទីតាំងទីលានប្រជាធិបតេយ្យថ្មី នៅតាមផ្លូវជាតិលេខ៥ ហើយយកទីតាំងទីលាន ប្រជាធិបតេយ្យចាស់ ធ្វើជាសួនច្បារ។ ក្នុងចំណុចនេះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងបែបឌីដងថា ប្រសិនបើអាមេរិកពូកែគាំទ្របាតុកម្ម លើកទីលានប្រជាធិបតេយ្យ នៅមុខស្ថានទូតអាមេរិកតែម្តងទៅ !
* សម្តេចតេជោ ហ៊ុន សែន មិនគាំទ្រចំពោះការប្រគុំតន្រ្តីរបស់បងប្អូនជនពិការ នៅតាមបណ្តាស្តុបនានានោះទេ ព្រោះអាចបង្កការកកស្ទះចរាចរណ៍ និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។ សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យក្រុមសិល្បៈជនពិការ កុំបណ្តោយខ្លួនឲ្យក្លាយជាឧបករណ៍របស់ក្រុមអ្នកនៅពីក្រោយខ្នង ដែលចង់កេងចំណេញផ្នែកណាមួយនោះ។
* សម្តេចតេជោ ហ៊ុន សែន សន្យាទិញភ្លេងជូនជនពិការ តែត្រូវធ្វើការប្រមូលផ្តុំគ្នាឲ្យក្លាយជាក្រុមធំ មិនត្រូវបំបែកជាច្រើនក្រុមនោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឲ្យជនពិការ កុំឲ្យមានជំងឺតួឯក។
* សម្តេចតេជោ ហ៊ុន សែន បានតិះទៀនលើបទចម្រៀង «ដឹកប្រពន្ធទៅរាំ»។ សម្តេចតេជោ ហ៊ុន សែន ថា បទនេះហាក់បានបង្ហាញពីភាពទន់ ខ្សោយរបស់មនុស្សប្រុស ដែលមានគ្មានលទ្ធភាពក្នុងការចិញ្ចឹមប្រពន្ធ នាំឲ្យខូចដល់បុរសៗដទៃ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ស្ថានីយទូរទស្សន៍ និងភោជនីយដ្ឋាននានា អញ្ជើញជនពិការទៅច្រៀង ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖០២នាទីនាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦៕