(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ដល់ទិវាជនពិការកម្ពុជា លើកទី១៨ ដែលរៀបចំឡើង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ។

សូមជំរាបថា ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា បានផ្ញើព្រះរាជសារចូលរួមអបអរសាទរ ទិវាជនពិការកម្ពុជាកលើកទី១៨ និងទិវាជនពិការអន្តរជាតិ លើកទី៣៤ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ក្រោមប្រធានបទ «ផ្តល់អាទិភាព និងសិទ្ធិអំណាចដល់ជនពិការ ក្នុងគ្រប់វិស័យ ដើម្បីសង្គមមួយគ្មានពិការភាព» ដែលរៀបចំដោយ ក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលនានា លើគ្រប់វិស័យពិការភាព។

ព្រះរាជាសារ ព្រះមហាក្សត្រ ព្រះករុណា សម្តេចព្រះបាទបរមនាថ នរោត្តម សីហមុនី បានចាត់ទុកព្រឹត្តិការណ៍ដ៏មាន សារៈសំខាន់នេះ គឺជាការលើកទឹកចិត្ត ដល់ជនពិការកម្ពុជាគ្រប់រូប ដោយពុំមានរើសអើង ប្រកាន់ពណ៍សម្បុរ វណ្ណៈ ឬនិន្នាការនយោបាយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការ បានចេញសារលិខិតចូលរួមក្នុងឱកាសទិវាជនពិការកម្ពុជា លើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី៣៤ ដែលនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី០៣​ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។

បើតាមសារលិខិតសម្តេចតេជោ បានបញ្ជាក់ថា «ការប្រារព្ធទិវានេះ គឺជាការបង្ហាញអំពីឆន្ទៈ និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិ សេរីភាព និងសុខុមាលភាព ជនពិការ ហើយជាការអំពាវនាវដល់ បងប្អូនជនរួមជាតិយើងទាំងអស់សូមជួយ ផ្តល់ការគាំទ្រ ដោយគ្មានការរើសអើង ចំពោះជនពិការ ដែលជាធនធាន មិនអាចមើលរំលងបាន ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ»៕