(កណ្ដាល)៖ កម្លាំងអាវុធហត្ថខេត្តកណ្ដាល បានបើកប្រតិបត្តិការបង្ក្រាបគ្រឿនញៀនក្នុងមូលដ្ឋានរបស់ខ្លួន ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ជាបន្តបន្ទាប់ ព្រមទាំងដកហូតបានថ្នាំញៀនដល់ទៅជាង៥០កញ្ចប់ លុយជាង២លានរៀន និងវត្ថុតាងមួយចំនួនធំទៀត។
ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើ ត្រូវបានអនុវត្តឡើងតាមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានជំរុញដាស់តឿនក្រើនរំលឹក ដល់កម្លាំងជំនាញ និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ឲ្យចុះធ្វើសកម្មភាពបង្ការ បង្ក្រាប និងសង្គ្រោះ ជាប្រចាំដូចភ្លៀងរលឹម។
ជាក់ស្តែង នៅថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានធ្វើការល្បាតចលត័ក្នុងភូមិសាស្ត្រពីរលើក ប្រទះឃើញមុខសញ្ញាប្រើប្រាស់ ជួញដូរគ្រឿងញៀន ក៏ធ្វើការឃាត់ខ្លួន ឆែកឆេររកឃើញសារធាតុញៀន(ម៉ាទឹកកក) លើពីករណី ។
ករណីទី១-នៅវេលាម៉ោង១១:១០នាទីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិ តាដោលទី១ ឃុំ អំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ឈឿន រដ្ឋា អាយុ២៦ឆ្នាំ មុខរបរមិនពិត ប្រាកដរស់នៅភូមិ-ឃុំ កើតហេតុខាងលើ ដកហូតថ្នាំញៀន និងវត្ថុតាងមួយចំនួនទៀត។
លុះដល់ម៉ោង៧ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ជនសង្ស័យបានសារភាពថា ខ្លួនបានបោះចោលថ្នាំញៀនមួយចំនួន នៅកន្លែងឃាត់ខ្លួនខាងលើ ទើបយើងនាំជ នសង្ស័យទៅចង្អុល បង្ហាញរកឃើញវត្ថុតាង ជាថ្នាំញៀនចំនួន១០កញ្ចប់តូចបន្ថែមទៀត សរុបទាំងអស់១១កញ្ចប់តូច។
បន្ទាប់មកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៥ នាទី ឈ្មោះ ឈឿន រដ្ឋាបានសារភាពថាថ្នាំញៀន(ម៉ាទឹកកក)ខ្លួនបានទិញពីឈ្មោះ ថន ប៊ុនសុខហេង រស់នៅរាជធានីភ្នំពេញ ជាអ្នកយកមកលក់ឲ្យខ្លួន។ លុះនៅម៉ោង៥:៥០នាទីថ្ងៃខែដដែល កម្លាំងមន្ទីរជំនាញខេត្តនិងកម្លាំងមូលដ្ឋាន អហ ស្រុកកណ្តាលស្ទឹង បានធ្វើការពួនស្ទាក់ឈានដល់ការឃាត់ខ្លួនឈ្មោះថន ប៊ុនសុខហេង ភេទប្រុស អាយុ២៣ឆ្នាំមុខរបរ លក់ខោអាវ ស្នាក់នៅផ្ទះជួលជិតផ្សារអុីអន ភ្នំពេញ នៅចំណុចភូមិ តាដោលទី1 ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដកហូតថ្នាំញៀន និងវត្ថុតាងមួយចំនួន។
ដោយមានការឆ្លើយសារភាពពីឈ្មោះ ឈឿន រីណា ដែលបានឃាត់ខ្លួនកាលវេលាម៉ោង១២:៣០នាទីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ពីបទចែកចាយគ្រឿងញៀនថា ខ្លួនបានទិញថ្នាំញៀន(ម៉ាទឹកក ក)នោះពីឈ្មោះ រស់ ទ្រី។
នៅវេលាម៉ោង៨ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលកម្លាំង អ.ហ ស្រុកបានឈានទៅឃាត់ខ្លួនជនសង្ស័យ ឈ្មោះ រស់ ទ្រី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដកហូតម៉ូតូចំនួន១គ្រឿង លុះដល់ម៉ោង៣ ថ្ងៃ.ខែ.ដដែលដោយមានការអនុញាតពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល កម្លាំងជំនាញ អ.ហ ស្រុក-ខេត្តកណ្តាល អហ ស្រុកគងពិសី ខេត្តកំពង់ស្ពឺមានការចូលរួមពីអាជ្ញាធរមូលដ្ឋានបន្តឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ រស់ ទ្រី ស្ថិតនៅភូមិព្រៃទទឹង ឃុំព្រះនិពា្វន្ត ស្រុក គង ពិសី ខេត្តកំពង់ស្ពឺ ដកហូតវត្ថុតាងមួយចំនួន។
ករណីទី២-នៅវេលាម៉ោង១២:៣០នាទីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិ ដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ យឿន រីណា ភេទប្រុស អាយុ 30 ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅ ភូមិ ព្រៃទទឹង ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដកហូតថ្នាំញៀន និងវត្ថុតាងមួយចំនួន។
ដោយមានការឆ្លើយសារភាពពីឈ្មោះយឿន រីណា និងដោយមានការអនុញាតពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលកម្លាំងជំនាញ ធ្វើការសហការជាមួយកម្លាំង អហ ខណ្ឌចំការមន បានចុះធ្វើការពួនស្ទាក់ ឈានដល់ការឃាត់ខ្លួនឈ្មោះ យូ វណ្ណិត(ហៅប៉ែត) ភេទប្រុស អាយុ 29ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅផ្ទះលេខ67ផ្លូវលេខ99ក្រុមទី31ភូមិ5សង្កាត់ផ្សារដេីមថ្កូវខណ្ឌចំការមន ឃាត់ខ្លួននៅចំណុចភូមិ 5សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដកហូតថ្នាំញៀន និងម៉ូតូមួយគ្រឿង។
មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ខាងលើ មានឈ្មោះដូចខាងក្រោម៖
ទី១.ឈ្មោះ ឈឿន រដ្ឋា អាយុ២៦ឆ្នាំ ឃាត់ខ្លួនបាននៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចភូមិតាដោលទី១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ដោយដកហូតបានថ្នាំញៀន ១១កព្ចាប់, ប្រាក់ចំនួន ៤ម៉ឺនរៀល និងវត្ថុតាងមួយចំនួន។
ទី២.ឈ្មោះ ថន ប៊ុនសុខហេង អាយុ២៣ឆ្នាំ ស្នាក់នៅជិតផ្សារអ៊ីអន (អ្នកលក់ថ្នាំញៀនឲ្យឈ្មោះ ឈឿន រដ្ឋា) ឃាត់ខ្លួនបាននៅថ្ងទី០៤ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចភូមិតាដោលទី១ដែរ ដកហូតបានថ្នាំញៀន ២កព្ចាប់ធំ ទម្ងន់៥.៦២ក្រាម, ម៉ូតូ១គ្រឿងម៉ាក Honda scoopy និងវត្ថុតាងមួយចំនួន។
ទី៣.ឈ្មោះ រស់ ទ្រី អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបាននៅថ្ងៃទី០៥ ខែធ្នូ ត្រង់ចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ដកហូតបានម៉ូតូ១គ្រឿង, ដាវដែក២ដើម, ជំពាមកៅស៊ូ១, កន្ត្រៃដែក២ដើម និងសម្ភារៈជក់មួយចំនួន។
ទី៤.ឈ្មោះ យឿន រីណា អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺឃាត់ខ្លួនបាននៅថ្ងៃទី០៤ ខែធ្នូ ដកហូតថ្នាំញៀន ១កព្ចាប់, ម៉ូតូ១គ្រឿង, ទូរស័ព្ទ២គ្រឿង, ប្រាក់ចំនួន ៣០ម៉ឺនរៀល
និងវត្ថុតាងមួយចំនួន។
ទី៥.ឈ្មោះ យូ វណ្ណិត (ហៅប៉ែត) អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៧ ផ្លូវលេខ៩៩ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ឃាត់ខ្លួននៅថ្ងៃទី០៤ ខែធ្នូ ត្រង់ចំណុចភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដកហូតថ្នាំញៀន១កញ្ចប់ ទម្ងន់៣.៧៥ក្រាម, ម៉ូតូ១គ្រឿង។
បើតាមមន្រ្តីអាវុធហត្ថ បានបញ្ជាក់ថា ថ្នាំញៀនខាងលើ បើសរុបទៅគឺមានទម្ងន់ ៩.១៤ក្រាម គិតជាកញ្ចប់ ជិត៥០កញ្ចប់ ស្មើនឹងទឹកប្រាក់ជាង២លានរៀល។
លោកមេបញ្ជាការ បានបញ្ជាក់ថា ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា និងអភិបាលខេត្ត កម្លាំងរបស់លោក នឹងខិតខំបន្តទៀត ហើយកាន់តែខ្លាំងលើការបង្ក្រាបគ្រឿងញៀននេះ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ និងប្រមូលវត្ថុតាងទាំងអស់ រួចមក កម្លាំងមន្ទីរជំនាញអាវុធហត្ថខេត្តកណ្ដាល បានកសាងសំណុំរឿងបញ្ជូន ទៅតុលាការជាបន្តបន្ទាប់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕