(ភ្នំពេញ)៖ ក្រុមការងារប្រតិកម្មរហ័សសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) តំណាងក្រុមកម្មករកាត់ដេរជាង៤០មឺុននាក់ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញសេចក្ដីថ្លែងការណ៍ប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវចំណាត់ការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានជួយអន្តរាគមន៍លើបញ្ហាផ្ទះជួល ដែលតែងតែឡើងថ្លៃ រៀងរាល់ពេលកម្មករទទួលបានប្រាក់ឈ្នួលអប្បបរមា ម្ដងៗ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ NACC បានបញ្ជាក់ថា ក្នុងពិធីបើកសម្ពោធរោងចក្រកូកាកូឡា នៅព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ កុំឲ្យដំឡើងថ្លៃផ្ទះជួលបន្ថែម នៅពេលកម្មករទទួលបានប្រាក់ឈ្នួលអប្បបរមាថ្មី ១៥៣ដុល្លារ នៅដើមឆ្នាំ២០១៧ ខាងមុខ និងបញ្ជាដល់អាជ្ញាធរពាក់ព័ន្ធនានា ត្រូវធ្វើការជាមួយម្ចាស់ផ្ទះឲ្យបានច្បាស់លាស់ ដើម្បីឲ្យការងារនេះ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានជំរុញឲ្យអាជ្ញាធរអគ្គិសនី និងរដ្ឋាករទឹកបន្តធ្វើការតបណ្ដាញទឹកស្អាត និងអគ្គិសនីបន្ថែមទៀត ទៅដល់បន្ទប់ជួលរបស់កម្មករ ដើម្បីឲ្យពួកគាត់បានប្រើប្រាស់ក្នុងតម្លៃថោក និងសមរមទាំងអស់គ្នា។
សូមជម្រាបថា សភាសម្ព័ន្ធសហជីពជាតិកម្ពុជា មានសមាជិកជាកម្មករនិយោជិត ជាង៤០ម៉ឺននាក់ ក្នុងនោះមានសហព័ន្ធសហជីពចំនួន៤១ និងសមាគមចំនួន៧ ទៀតផងដែរ។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មីដល់ម្ចាស់ផ្ទះជួលនានា នៅក្នុងប្រទេសកម្ពុជា ដើម្បីកុំឱ្យដំឡើងថ្លៃឈ្នួលបន្ថែម ពេលឃើញកម្មករទទួលបានប្រាក់ឈ្នួលអប្បបរមាថ្មី១៥៣ដុល្លារ នៅដើមឆ្នាំ២០១៧ ខាងមុខនេះ។ ការលើកឡើងបែបនេះរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីសម្ពោធរោងចក្រក្រុមហ៊ុន កូកាកូឡាថ្មី ដែលវិនិយោគដោយសហរដ្ឋអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងណាស់ ដើម្បីលើកស្ទួយជីវភាពកម្មករ តាមរយៈកាត់បន្ថយការចំណាយ ដូចជាការតបណ្តាញអគ្គិសនី និងបណ្តាញទឹកដល់បន្ទប់ជួល។ សម្តេចបានជំរុញឲ្យអាជ្ញាធរអគ្គិសនី និងរដ្ឋាករទឹកបន្តធ្វើការតបណ្តាញទឹក និងអគ្គិសនីបន្ថែមទៀតទៅតាមបន្ទប់ជួលរបស់កម្មករ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែងជើង ចំនួន១៥៣ដុល្លារ នៅឆ្នាំ២០១៧ ខាងមុខនេះ។ ប្រាក់ឈ្នួលនេះ បានកើនឡើងប្រមាណ ១៣ដុល្លារ បើធៀបនឹងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០១៦។
ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍របស់ក្រុមការងារប្រតិកម្មរហ័សសភាសម្ព័ន្ធសហជីជាតិកម្ពុជា៖