(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា វិស័យពាណិជ្ជកម្មតាមអេឡិកត្រូនិក ជាវិស័យមួយដែលកម្ពុជា ជាពិសេសក្រសួងពាណិជ្ជកម្ម កំពុងប្រឹងប្រែងរៀបចំឲ្យចប់សព្វគ្រប់នៅចុងខែធ្នូនេះ ហើយអាចនឹងចាប់ផ្ដើមអនុវត្តក្នុងពេលឆាប់ៗខាងមុខផងដែរ។ លោករដ្ឋមន្រ្តីថា នឹងជំនុញការអនុវត្ត ទៅលើច្បាប់នេះ ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា ទទួលបានផលចំណេញ តាមរយៈការប្រកបអាជីវកម្ម ដោយមិនមានដែនកំណត់។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះ ខណៈលោកទទួលជួបលោក ចូណាស បកគ្លីន (Jonas Borglin) នាយកប្រតិបត្តិក្រុមប្រឹក្សាឧស្សាហកម្មអន្តរជាតិ នៃប្រទេសស៊ុយអែត នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោក ចូណាស បកគ្លីន បានឲ្យដឹងថា ក្រុមប្រឹក្សាឧស្សាហកម្មអន្តរជាតិ នៃប្រទេសស៊ុយអែត ជាអង្គការមិនស្វែងរកប្រាក់ចំណេញមួយ តំណាងឲ្យក្រុមហ៊ុនធំៗជាច្រើន ជាពិសេសក្រុមហ៊ុននាំចេញ និងឧស្សាហកម្មរបស់ប្រទេសស៊ុយអែត ដែលមានវត្តមានក្នុងទីផ្សារពិភពលោក។
ការមកដល់ប្រទេសកម្ពុជានៅពេលនេះ គឺលោកមានគោលបំណងស្វែងយល់បន្ថែមពីប្រទេសកម្ពុជា ដូចជាការអភិវឌ្ឍ វិស័យឯកជន ទេសចរណ៍ និងចាប់ផ្ដើមអាជីវកម្ម ក្រោមក្របខណ្ឌព័ត៌មានវិទ្យា និងការច្នៃប្រឌិតបច្ចេកវិទ្យា ដែលលោកយល់ថា ប្រទេសកម្ពុជាមានសក្ដានុពលច្រើន។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ យល់ស្របជាមួយលោក ចូណាស បកគ្លីន ហើយលោកបានជម្រាបទៀតថា ក្រោមចក្ខុវិស័យនេះ ប្រទេសកម្ពុជា បានរៀបចំគោលនយោបាយ អភិវឌ្ឍឧស្សាហកម្ម ២០១៥-២០២៥ ដែលមានគោលបំណង អភិវឌ្ឍប្រទេសកម្ពុជា ពីប្រទេសអភិវឌ្ឍតិចតួច ទៅជាប្រទេសអភិវឌ្ឍ។
ចំណុចចម្បងមួយក្នុងការអភិវឌ្ឍនេះ គឺការបង្កើតការងារជូនប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋវ័យក្មេង ដែលមានសក្ដានុពលខ្ពស់ក្នុងការចូលរួម ក្នុងឧស្សាហកម្មទំនើប ដូចជាព័ត៌មានវិទ្យាជាដើម។ ជាមួយគ្នានោះដែរ លោកក៏បានសង្កត់ធ្ងន់ លើសារៈសំខាន់ក្នុងការអភិវឌ្ឍជំនាញ តាមរយៈការបណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីទ្រទ្រង់វិស័យឧស្សាហកម្ម ដែលកម្ពុជាបានទទួលការវិនិយោគមួយចំនួនរួចហើយ ដូចជាក្រុមហ៊ុនកូកាកូឡា ដែលទើបតែបើក រោងចក្រទីពីររបស់ខ្លួន និងរោងចក្រផលិតធុងទឹករថយន្ត ខ្សែភ្លើង គ្រឿងផ្សំរថយន្ដ និងគ្រឿងចក្រដទៃទៀតផងដែរ។
លោក ចូណាស បកគ្លីន ថ្លែងអំណរគុណចំពោះ រដ្ឋមន្ត្រីប៉ាន សូរស័ក្ដិ ចំពោះមតិណែនាំ ហើយលោកជម្រាបបន្ថែមថា ក្រុមប្រឹក្សាលោក មានការតាំងចិត្តខ្ពស់ ក្នុងការបង្កើតឲ្យមាន ទំនាក់ទំនងផ្នែកធុរកិច្ចនៅកម្ពុជា។ ដោយក្រុមប្រឹក្សារបស់លោក មានសមាជិកដែលជាក្រុមហ៊ុនពហុជាតិ និងជាក្រុមហ៊ុននាំមុខគេក្នុងវិស័យជាច្រើន លោកនឹងពាំនាំការយល់ដឹងរបស់លោកទៅ ចែករំលែកជូនសមាជិកឲ្យបានយល់ដឹងបន្ថែមពីកម្ពុជា និងដើម្បីឲ្យក្រុមហ៊ុនទាំងនោះមកសិក្សា និងចាប់ជាដៃគូ ក្នុងការជ្រោមជ្រែងឧស្សាហកម្មនៅកម្ពុជា៕