(ភ្នំពេញ)៖ ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះអនិច្ចធម្មរបស់ ព្រះតេជគុណ ព្រះមុនីកោសល្យ កិត្តិបណ្ឌិត ហ៊ុល សុវណ្ណ ព្រះរាជគណៈថ្នាក់ទោ ឧត្តមក្រុមប្រឹក្សា អក្សរសាស្ត្រ សមាជិកថេរសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណ ខណ្ឌឬស្សីកែវ និងជាព្រះចៅអធិការវត្តទួលសុវណ្ណារាម (វត្តទួលសង្កែ) ដែលបានសុគត នៅវេលាម៉ោង៩ព្រឹក ថ្ងៃសុក្រ ៣កើត ខែមិគសិរ ព.ស. ២៥៦០ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សាដោយជរាពាធនោះ នៅរសៀលថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យគណៈប្រតិភូដឹកនាំដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាញក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ នៅវត្តទួលសុវណ្ណារាម។
ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេងខ្សឹបខ្សួលរំជួលចិត្តដ៏សែនក្រៀមក្រំយ៉ាងក្រៃលែង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានប្រគេនថ្វាយនូវលិខិត ចូលរួមរំលែកទុក្ខដល់ព្រះតេជគុណ គីម វ៉ូន ព្រះចៅអធិការស្តីទី វត្តទួលសុវណ្ណារាម ចំពោះការបាត់បង់ ព្រះតេជគុណ ព្រះមុនីកោសល្យ កិត្តិបណ្ឌិត ហ៊ុល សុវណ្ណ ជាទីគោរពសក្ការៈ ដែលនេះគឺជាការបាត់បង់ព្រះចៅអធិការ ប្រកបដោយព្រហ្មវិហារធម៌ ទឹកព្រះទ័យសន្តោសប្រណីដ៏ថ្លៃថ្លា ដល់ព្រះសង្ឃគង់ក្នុងវត្ត និងពុទ្ធបរិស័ត ជិតឆ្ងាយ ដែលក្នុងមួយព្រះជន្មរបស់ ព្រះចៅអធិការ បានរួមចំណែកក្នុងសកម្មភាពកាកបាទក្រហមកម្ពុជា បានធ្វើពលិកម្មជាច្រើនបូជាសព្វបែបយ៉ាង មិនគិតពីការនឿយហត់ ដើម្បីវិស័យព្រះពុទ្ធសាសនា មានពន្លឺរុងរឿងតរៀងទៅ។
ក្នុងមរណទុក្ខដ៏សែនក្តុកក្តួលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រះតេជគុណ ព្រះមុនីកោសល្យ កិត្តិបណ្ឌិត ហ៊ុល សុវណ្ណ បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសចូលគោរពវិញ្ញាណក្ខន្ធនេះកាកបាទក្រហមកម្ពុជា បានចូលបុណ្យនូវ ទឹកសុទ្ធ ១០កេស ទឹកក្រូច ១០កេស និងបច្ច័យ ១០លានរៀល៕