(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក វីលៀម ហើដ បានចាត់ទុកវត្តមាននៃរោងចក្រទី២របស់ក្រុមហ៊ុនកូកាកូឡាអាមេរិកស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺជាសញ្ញាបង្ហាញថា ប្រទេសកម្ពុជាកំពុងខិតខំយ៉ាងខ្លាំងក្នុងការទាក់ទាញក្រុមហ៊ុនថ្មីៗ រួម ទាំងក្រុមហ៊ុនរបស់អាមេរិកដទៃទៀតផងដែរ។
ក្រុមហ៊ុនកូកាកូឡា បន្ទាប់ពីទទួលបានជោគជ័យក្នុងអាជីវកម្ម ដែលបានចាប់ផ្តើមវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣មកនោះ នៅព្រឹកមិញថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានបើកសម្ពោធដាក់ឲ្យដំណើរការរោងចក្រទី២របស់ខ្លួននៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ រោងចក្រថ្មីនេះ ត្រូវបានបង្កើតឡើងជាមួយទឹកប្រាក់វិនិយោគប្រមាណ ១០០លានដុល្លារសហរដ្ឋអាមេរិក។
រោងចក្រទី២របស់ក្រុមហ៊ុនកូកាកូឡា ត្រូវបានបើកសម្ពោធក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីលោក វីលៀម ហើដ ផងដែរ។
លោក វីលៀម ហើដ រំពឹងថា រោងចក្រទី២របស់កូកាកូឡានេះ នឹងធ្វើឲ្យក្រុមហ៊ុនដទៃទៀត រួមទាំងក្រុមហ៊ុនរបស់អាមេរិកផងដែរ នឹងចាត់ទុកថា ជានិមិត្តរូបមួយ នៃសក្តានុពលរបស់ប្រទេសកម្ពុជា និងជាសញ្ញាថា កម្ពុជាត្រៀមលក្ខណៈជាស្រេចសម្រាប់ផ្នែកធុរកិច្ច។
លោកឯកអគ្គរដ្ឋទូត បានថ្លែងដូច្នេះ «ខ្ញុំជឿថា ក្រុមហ៊ុនវិនិយោគដទៃទៀត ដោយសង្ឃឹមថា នឹងមានច្រើនមកពីប្រទេសអាមេរិក នឹងចាត់ទុករោងចក្រថ្មីនេះថា ជានិមិត្តរូបមួយនៃសក្តានុពលរបស់ប្រទេសកម្ពុជា និងជាសញ្ញាមួយថា ប្រទេសកម្ពុជា ត្រៀមលក្ខណៈជាស្រេចសម្រាប់ផ្នែកធុរកិច្ច»។
លោកឯកអគ្គរដ្ឋទូតបានធ្វើការកត់សម្គាល់ថា រោងចក្រថ្មីរបស់ក្រុមហ៊ុនកូកាកូឡានេះ មានប្រើថាមពលព្រះអាទិត្យ ហើយក្រុមហ៊ុនបានជួលនារីរាប់សិបនាក់ឲ្យធ្វើការដែលកន្លងមក គេមិនសូវបានធ្វើ ដូចជាធ្វើជាអ្នកបើកបររថយន្ត និងបើកម៉ាស៊ីនលើកដាក់ទំនិញ។
សូមបញ្ជាក់ថា ក្រុមហ៊ុនកូកាកូឡា បានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាជាង ៦០០នាក់ ហើយក្នុងចំណោមកម្មករក្នុងក្រុមហ៊ុននេះ ៩៩,៧ភាគរយជាពលរដ្ឋកម្ពុជា។ នៅក្នុងរោងចក្រថ្មីនេះ ក្រុមហ៊ុនមានសាងសង់កន្លែងស្នាក់នៅជូនកម្មករផងដែរ៕
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក វីលៀម ហើដ