(ភ្នំពេញ)៖ ក្នុងបរិវេណវិទ្យាល័យឥន្ទ្រទេវី មានប្រារព្ធពិធីបិទការប្រកួតបាល់ទាត់ តំណាងយុវនិស្សិត ខេត្តបន្ទាយមានជ័យ ប្រចាំនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកង រាជអាវុធហត្ថរាជធានីភ្នំពេញ និងលោក ឡៃ គឹមលី នាយករងខុទ្ទការល័យ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន។
ព្រឹត្តិការណ៍បិទការប្រកួតបាល់ទាត់នេះធ្វើឡើង នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ ដោយរៀបចំឡើងដោយក្រុមយុវនិស្សិតជាយដែន ក្នុងខេត្តបន្ទាយមានជ័យ កំពុងសិក្សានៅរាជធានីភ្នំពេញមួយនេះ គឺជាគំនិតផ្តួចផ្តើមដ៏ល្អប្លែក និងថ្មីមួយ គួរឲ្យចាប់អារម្មណ៍ក្នុងការគាំទ្រ លើកស្ទួយវិស័យបាល់ទាត់ រឹតចំណងសាមគ្គីភាព រវាងយុវជន និងអូសទាញយុវជនងាកមកស្រឡាញ់ និងលេងកីឡាតាំងចិត្តថា ទេចំពោះគ្រឿងញៀនផងដែរ។
កម្មវិធីនៃការប្រកួតនេះ បានចាប់ផ្តើមឡើងពីថ្ងៃទី២៨ ខែសីហា មកទល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ គឺមានរយៈពេល៣ខែហើយ ដោយធ្វើការប្រកួតវិលជុំ តែក្នុងថ្ងៃចុងសប្តាហ៍ និងមានកីឡាករ៧ក្រុម តំណាងស្រុកក្រុងក្នុងខេត្តបន្ទាយមានជ័យ ចូលរួមប្រកួតប្រជែងគ្នា រួមមានក្រុមកីឡាបាល់ទាត់តំណាង ក្រុងសិរីសោភ័ណ, ក្រុងប៉ោយប៉ែត, ស្រុមង្គលបូរី, ស្រុកព្រះនេត្រព្រះ, ស្រុកម៉ាឡៃ, ស្រុកភ្នំស្រុក និងស្រុកស្វាយចេក។
ឆ្លៀតក្នុងឱកាសជួបជុំពោរពេញ ទៅដោយអត្ថន័យ និងសប្បាយរីករាយនេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបង្កើតបរិយាកាសស្និតស្នាលជា មួយប្អូនៗសិស្សានុសិស្ស ដែលមកចូលរួមទស្សនាការប្រកួតបាល់ទាត់ ដោយបាននាំយកការ៉េម៦០០ដើម នំប៉័ង៥០០ចែកជូនពួកគាត់ បរិភោគជាមួយគ្នាដោយភាពញញឹមញញែម កក់ក្តៅ។
ក្រោយចប់ការប្រកួត ឧត្តសេនីយ៍ រ័ត្ន ស្រ៊ាង បានឧបត្ថម្ភដល់ក្រុមកីឡាករ ជាប់ចំណាត់ថ្នាក់លេខ១ ចំនួន១លានរៀល, លេខ២ចំនួន៨០ម៉ឺនរៀល, លេខ៣ចំនួន៦០ម៉ឺនរៀល និង៤ក្រុមទៀត ដែលមិនមានចំណាត់ថ្នាក់ទទួល បានការលើកទឹកចិត្តក្នុង១ក្រុម ចំនួន៤០ម៉ឺនរៀល ក្រៅពីនេះលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានដោះស្រាយសម្ភារៈកីឡារួមមានខោអាវ ស្បែកជើង ស្រោមជើង ទ្រនាប់ស្មងជើង បាល់ ស្រោមដៃ កោនហ្វឹកហ្វាត់ ជូនដល់កីឡាករ២៧នាក់ ដែលបានជ្រើសចេញពីក្រុមទាំង៧ បង្កើតជាក្រុមថ្មីមួយ តំណាងឲ្យយុវនិស្សិតខេត្តបន្ទាយមានជ័យ, ឧបត្ថម្ភជូនវិទ្យាល័យឥន្ទ្រទេវី នូវថវិកា១លានរៀល និងបាល់២០គ្រាប់ ព្រមទាំងឧបត្ថម្ភលើការចំណាយ ក្នុងការរៀបចំកម្មវិធីបិទការប្រកួតថ្ងៃនេះ ទាំងស្រុងផងដែរ។
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសន្យាជាមួយប្អូនៗ យុវនិស្សិតខេត្តបន្ទាយមានជ័យ ទាំងអស់ថា និងជួយឧបត្ថម្ភឲ្យមានការប្រកួតបែបនេះ ទៀតនៅឆ្នាំក្រោយៗ៕