(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ ជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ដ៏រឹងមាំមួយនៅក្នុងប្រទេសកម្ពុជា និងមានទំនុកចិត្តបំផុតដែលប្រជាជនកម្ពុជាទាំងមូលបានទទួលស្គាល់ ដោយបានធ្វើការចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនធានារ៉ាប់រងប្រេវ័រ។
ការចុះអនុស្សរណៈយោគយល់គ្នានេះស្តីពី «ការផ្តល់សេវាធានារ៉ាប់រងលើប្រាក់កម្ចី» នេះ ធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារសាន់វ៉េ ក្រោមការចូលរួមដោយគណៈអធិបតីភាព លោក អេឌ្រាន មឺរីមែន អគ្គនាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ និងលោកស្រី សូឡែន ផារី អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងប្រេវ័រ រួមទាំងទូរទស្សន៍ សារព័ត៌មានមកពីគ្រប់អង្គភាពទាំងជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលយកចិត្តទុកដាក់ខ្ពស់ទៅលើសុខមាលភាព ការថែទាំសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋក្រីក្រដែលរស់នៅតំបន់ដាច់ស្រយាល ជាពិសេស គឺអតិថិជនរបស់វីសិនហ្វាន់ផ្ទាល់ វីសិនហ្វាន់បានផ្តល់ជូនបន្ថែមនូវ ធានារ៉ាប់រងខ្នាតតូចលើសុខភាព និងគ្រោះថ្នាក់បុគ្គល ជូនដល់គ្រប់អតិថិជនប្រាក់កម្ចីរបស់ខ្លួន។ គោលដៅចម្បងដែលជំរុញទឹកចិត្តឲ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ រំលេចចេញនូវយុទ្ធសាស្ត្រដែលមានអត្ថប្រយោជន៍ពិសេសនេះ គឺដើម្បីជួយការពារអតិថិជនរាល់ហានិភ័យដែលអាចកើតឡើងដូចជា៖ បញ្ហាកង្ខះខាតថវិកាពេលធ្លាក់ខ្លួនឈឺ ឬជួបនឹងគ្រោះថ្នាក់ដោយចៃដន្យជាយថាហេតុ ដើម្បីជួយឲ្យអតិថិជនទាំងអស់មានសុខភាពល្អ និងមានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិត ដែលសមស្របទៅនឹងបេសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់។
លោក ព្រាប ពិសិដ្ឋ នាយកប្រតិបត្តិការ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ បានឲ្យដឹងថា «សុខភាពមានតួនាទី នឹងមុខងារយ៉ាងសំខាន់សម្រាប់មនុស្សគ្រប់រូប នៅក្នុងការបំពេញនូវបេសសកម្មប្រចាំថ្ងៃរបស់ខ្លួន។ ប្រសិនបើយើងមានសុខភាពល្អ និងកាយសម្បទាមាំមួន នោះកាតព្វកិច្ចការងារដែលយើងបានធ្វើ នឹងទទួលបានសម្ធិទិផលល្អដូចគ្នាដែរ។ ដោយមើលឃើញពីចន្លោះប្រហោង និងកង្វះខាតនៃការថែទាំសុខភាព ជាពិសេសចំពោះប្រជាជនក្រីក្រដែលគាត់ មិនសូវជាមានលទ្ឋភាពធូរធារ វីសិនហ្វាន់ក៏សម្រេចផ្តល់ជូនបន្ថែមនូវការធានារ៉ាប់រងសុខភាព និងអាយុជីវិត ចំពោះអតិថិជនកម្ចី ដើម្បីលើកកម្ពស់ស្មារតីឲ្យពួកគាត់បង្កើនការយកចិត្តទុកដាក់ និងស្រលាញ់សុខភាពជាងមុន»។
លោកស្រី សូឡែន ផារី អគ្គនាយិកាប្រតិបត្ត ក្រុមហ៊ុនធានារ៉ាប់រងប្រេវ័រ បានថ្លែង «យើងបានដឹងពីសុខទុក្ខដែលអតិថិជនប្រាក់កម្ចីបានជួបប្រទះ ហើយយើងក៏បានឃើញពីការលំបាកដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានប្រឈម ដូចនេះយើងមានសេក្តីកោតសរសើរ និងរីករាយយ៉ាងខ្លាំងចំពោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានយកចិត្តទុកដាក់នឹង ផ្តល់ការការពារដល់អតិថិជនកម្ចីរបស់ពួកគេ។ វាគឺជាការបោះជំហានដ៏ធំមួយដែលខ្ញុំរំពឹងថា មនុស្សគ្រប់គ្នានឹងផ្តល់តម្លៃឲ្យ។ ហើយនេះជារូបភាពមួយដែលបង្ហាញចេញពីការយកចិត្តទុកដាក់ខ្លាំងរបស់ វីសិនហ្វាន់ ចំពោះសកម្មភាពសង្គម និង ការផ្តល់ជូនកញ្ចប់ធានារ៉ាប់រងដល់ប្រជាពលរដ្ឋខ្មែរ។ យើងមានសេចក្តីសោមន្សជាមួយនឹង ការចាប់ដៃគូរសហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានបេសកម្មខ្ពស់ផ្តោតលើសង្គម ដូចជា វីសិនហ្វាន់»។
គួរបញ្ជាក់ផងដែរថា ធានារ៉ាប់រងខ្នាតតូចលើសុខភាព និងគ្រោះថ្នាក់បុគ្គលនេះនឹងផ្តល់ជូនគ្រប់អតិថិជនកម្ចីរបស់វីសិនហ្វាន់ គ្រប់ប្រភេទនៃប្រាក់កម្ចី និងគ្រប់វិធីសាស្រ្តប្រាក់កម្ចី ដោយអតិថិជនគ្រាន់តែបំពេញតាមលក្ខខណ្ឌឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ ។
វីសិនហ្វាន់ ខេមបូឌា គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេផ្នែកកិច្ចការសង្គម និងជាគ្រឹះស្ថានមីក្រូហិរញវត្ថុតែមួយគត់ដែលមានអាជ្ញាប័ណ្ណ និងមានបណា្តញប្រតិបតិ្តការជាង ៣០ ប្រទេសទូទាំងពិភពលោកជាមួយនឹងបេសកកម្មធ្វើឲ្យកុមារគ្រប់រូបនៅកម្ពុជាមានអនាគតភ្លឺស្វាងតាមរយៈការលើកកម្ពស់ដល់គ្រួសា ររបស់ពួកគេក្នុងការបង្កើតប្រាក់ចំណូល និងការងារ។ យើងពង្រីកសក្តានុពលសេដ្ឋកិច្ចនៅតាមសហគមន៍ឲ្យមានការរីកលូតលាស់កាន់តែប្រសើរឡើង។
លោក ព្រាប ពិសិដ្ឋ បានថ្លែងបញ្ជាក់ថា វីសិនហ្វាន់នឹងលុបចោលបំណុលដល់កូនបំណល់ភ្លាម ខណៈកូនបំណុលទទួលរងគ្រោះថ្នាក់ផ្សេងៗ រហូតដល់ទទួលមរណៈភាពនោះ ។ មិនតែប៉ុណ្ណោះ វីសិនហ្វាន់ នឹងជួយបង់ថ្លៃសេវាព្យាបាល លើការវះកាត់មធ្យមផងដែរ ។
គិតត្រឹម ខែ តុលា ឆ្នាំ២០១៦ វីសិនហ្វាន់ ខេមបូឌា មានសាខាខេត្ត និងស្រុកចំនួន ១២០នៅទូទាំង ២៥រាជធានី ខេត្ត ដែលក្នុងនោះមាន ១៤៤ ស្រុក ខណ្ឌ ក្រុង និង ១,៥១៥ឃុំសង្កាត់។ យើងមានបុគ្គលិកជាង ១៥០០នាក់ ដែលពោពេញទៅដោយ សមត្ថភាពបទពិសោធន៍ ជំនាញ និងវិជ្ជាជីវៈក្នុងវីស័យហិរញ្ញវត្ថុ។ វីសិនហ្វាន់ មានផលប័ត្រឥណទាន ជាង ១៤១លានដុល្លារអាមេរិក។ យើងបម្រើអតិថិជនសរុបចំនួនជាង ២៥ម៉ឺន គ្រួសារដែលភាគច្រើនពួកគាត់រស់នៅតំបន់ជនបទ។ ជាលទ្ធផលការងាររបស់យើងបានផ្តល់ផលប៉ះពាល់ជាវិជ្ជមានដល់ជីវិតកុមារជាង ៧៨ម៉ឺននាក់៕