(ភ្នំពេញ)៖ ក្រោមកិច្ចសហការជាមួយអង្គការ Save the Children បុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត របស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា ដែលមានគ្នាជាច្រើននាក់ បានស្ម័គ្រចិត្តធ្វើដំណើរទៅខេត្តកំពង់ឆ្នាំង ដើម្បីដាំដើមឈើចំនួន៥០០ដើម នៅសាលាក្នុងមូលដ្ឋានចំនួនបី សាលាបឋមសិក្សា ឈូកមាស ត្រពាំងជ្រុំ និងសាលាបឋមសិក្សាជួបមាស សំដៅលើកស្ទួយបរិស្ថានបៃតង និងចូលរួមចំណែក ការពារគ្រោះមហន្តរាយធម្មជាតិ តាមរយៈការដាំដើមឈើយ៉ាងត្រឹមត្រូវ ។
ព្រឹត្តិការណ៍ដ៏ធំនេះ គឺជាសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ថ្មីមួយទៀតពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលចូលរួមចំណែកកែលម្អសហគមន៍ក្នុងតំបន់ លើកនេះតាមរយៈការលើកស្ទួយបរិស្ថាន និងបណ្តុះវប្បធម៌ស្រឡាញ់បរិស្ថាន ក្នុងចំណោមសមាជិកសហគមន៍ ជាពិសេសកុមារា-កុមារី នៅតាមសាលារៀន ។
លោក ឈឿង គីរីរ័ត្ន ប្រធានគ្រប់គ្រងជាន់ខ្ពស់ ផ្នែកទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត នៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានឲ្យដឹងថា «ថ្ងៃនេះ ខ្ញុំបានចូលរួម ជាមួយនឹងសហការីរបស់យើង មកពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលរួមមានបុគ្គលិករបស់ក្រុមហ៊ុន និងទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត ជាងរាប់សិបនាក់ ហើយយើងបានចូលរួមក្នុងកម្មវិធីដាំដើមឈើ ដោយយើងបានយកកូនឈើល្អៗចំនួន៥០០ដើម មកដាំនៅតាមសាលាចំនួនបី នៅក្នុងខេត្តកំពង់ឆ្នាំងនេះ ហើយកម្មវិធីនេះធ្វើឡើងក្រោមការសហការជាមួយនឹងអង្គការ Save the Children គោលបំណងនៃកម្មវិធី មានពីរចំណុចសំខាន់ៗ ទីមួយ ជាការរួមចំណែក ក្នុងយុទ្ធសាស្រ្ត របស់រដ្ឋាភិបាល ដែលបាននឹងកំពុងព្យាយាមការពារបរិស្ថាន និងបង្កើតភាពធន់ ចំពោះគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ទីពីរ គឺកម្មវិធីនេះ ជាការរួមចំណែកពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា ស្របតាមគោលការណ៍ ដែលយើងនិយាយថា «Doing Well by Doing Good» បានន័យថា យើងធ្វើប្រតិបត្តិការល្អ ជោគជ័យ ហើយយើងផ្តល់ត្រឡប់ទៅឲ្យសហគមន៍វិញដែរ» ។
លោកបន្ដថា ក្រុមការងារក៏បានចែកផ្ទាំងរូបភាពអំពីការទប់ស្កាត់ និងវិធានការឆ្លើយតបក្នុងករណីគ្រោះមហន្តរាយ ទៅដល់សមាជិកសហគមន៍ និងតំណាងសាលា ដើម្បីពួកគាត់ អាចមានចំណេះដឹង និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ក្នុងករណីមានគ្រោះបន្ទាន់ណាមួយ ក៏ដូចជាបណ្តុះគំនិតទប់ស្កាត់ គ្រោះមហន្តរាយធម្មជាតិជាមុន តាមរយៈសកម្មភាពដាំដើមឈើ ជាដើម ។
លោក ថាយ វីរ៉េត ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ម្នាក់ដែលបានស្ម័គ្រចិត្ដ ចូលរួមក្នុងកម្មវិធីដាំដើមឈើនេះ បានលើកឡើងថា ថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយរីករាយមែនទែន ថ្វីត្បិតតែរាងហត់បន្តិច ប៉ុន្តែសប្បាយចិត្ត ដែលបានមកចូលរួមក្នុងការដាំកូនឈើ ដើម្បីអោយបរិស្ថានរបស់យើង កាន់តែល្អប្រសើរទៅថ្ងៃមុខ ជាសារបន្ថែមខ្លីមួយ ខ្ញុំសូមសំណូមពរឲ្យយុវជន ក៏ដូចជាយើងទាំងអស់គ្នា ចូលរួមដាំកូនឈើទាំងអស់គ្នា ដើម្បីធ្វើឲ្យបរិស្ថានរបស់យើងល្អប្រសើរ ទៅថ្ងៃមុខទាំងអស់គ្នា និងដើម្បីសង្គមជាតិរបស់យើងទាំងអស់គ្នា» ។
កាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏បានរៀបចំកម្មវិធី «ឆា-ឈីង» នៅក្នុងខេត្តកំពង់ចាម ដែលមានគោលបំណង លើកកម្ពស់ចំណេះដឹង ហិរញ្ញវត្ថុមូលដ្ឋាន ក្នុងចំណោមកុមារា-កុមារី នៅទូទាំងប្រទេសកម្ពុជា ។ សកម្មភាពដាំដើមឈើថ្មីៗនេះ ដោយក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានសបង្ហាញជាថ្មីម្តងទៀតថា ក្រុមហ៊ុនពិតជាយកចិត្ដទុកដាក់ចំពោះសង្គម និងសហគមន៍ ដែលខ្លួនធ្វើប្រតិបត្តិការ គឺស្របតាមគោលគំនិត Doing Well by Doing Good ដោយមិនភ្លេចផ្តល់ត្រឡប់ ទៅឲ្យសហគមន៍វិញ នៅពេលក្រុមហ៊ុនរីកចម្រើន ៕