(ភ្នំពេញ)៖ គណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ បានបើកកិច្ចប្រជុំជាលើកទី២ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ នៅរាជធានីភ្នំពេញ ដោយភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែន និងភាគីឡាវដឹកនាំដោយឧត្តមសេនីយ៍ត្រី ស៊ីផាន់ភុតៈវង្ស ប្រធាននាយកដ្ឋានព្រំដែនកងទ័ពប្រជាជនឡាវ។
កិច្ចប្រជុំរយៈពេល២ថ្ងៃដែលបានធ្វើឡើងនៅសណ្ឋាគារ River Palace នោះ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ភាគីទាំង២នឹងជជែកគ្នាអំពីផែនការមេសំខាន់ៗ ដូចជាការពិនិត្យយន្តការនៃការអនុវត្តពិធីសារកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិប្រទេសទាំងពីរដែលបានចុះហត្ថលេខាកាលពីខែឧសភាឆ្នាំ២០១៦ ការផ្លាស់ប្តូរព័ត៌មានរវាងសមត្ថកិច្ច នៃខេត្តដែលមានព្រំដែនជាប់គ្នា កិច្ចសហការដើរល្បាតរួមគ្នាក្នុងភូមិសាស្រ្តតាមបណ្តោយព្រំដែន ការត្រួតពិនិត្យថែរក្សាការពារខ្សែបន្ទាត់ និង បង្គោលសីមាព្រំដែន ដោយហាមសាងសង់អ្វីមួយជាឯកតោភាគី។
ជាមួយនោះភាគីទាំងពីរ ក៏ពិភាក្សាផងដែរ នៃកិច្ចសហការ បង្កា ទប់ស្កាត់ និងបង្ក្រាបក្រុមជនល្មើសដែលមានបំណងចង់បំផ្លិចបំផ្លាញទំនាក់ទំនងបង្ករអសន្តិសុខរវាងកម្ពុជានឹងឡាវ និងបញ្ហាប្រឈមមួយចំនួនទៀតដែលពាក់ព័ន្ធ។
សូមបញ្ជាក់ថាកម្ពុជា និង ឡាវ មានព្រំដែនរួមគ្នាប្រវែងប្រមា ៥៤០គីឡូម៉ែត្រ។ បញ្ហាប្រឈមដែលតែងកើតមាននៅតំបន់ព្រំដែនប្រ ទេសទាំង២រួមមាន៖ ការលបលួចឆ្លងដែនខុសច្បាប់ ការចរាចរគ្រឿងញៀន ជួញដូរមនុស្ស បរបាញ់សត្វ នេសាទ ការរុករកធ្វើអាជីវកម្មលើធនធានធម្មជាតិ ការលួចកាប់ព្រៃឈើ និងការជួញដូរអាវុធជាតិផ្ទុះជាដើម។
បញ្ហានេះភាគីទាំងពីរ ក៏បានឯកភាពគ្នារួចមកហើយក្នុងការការពារសិទ្ធរបស់ប្រជាពលរដ្ឋដែលបានប្រព្រឹត្តិខុស ដោយភាគីទាំងពីរនឹងត្រូវរួមគ្នាដោះស្រាយឈរលើមូលដ្ឋានមនុស្សធម៌ យោគយល់ មានការធានា និងអនុវត្តតាមលក្ខការណ៍ច្បាប់របស់ប្រទេសនីមួយៗ៕