(ភ្នំពេញ)៖ EVA Air ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិរបស់តៃវ៉ាន់ បានរៀបចំកម្មវិធីប្រគល់រង្វាន់ជាសំបុត្រយន្តហោះ និងរង្វាន់ផ្សេងៗ ជូនដល់អ្នកគាំទ្រលើបណ្តាញសង្គម Facebook Page របស់ខ្លួន តាមរយៈការប្រកួតប្រជែង ថតវិដេអូស្តីពីដំណើរកម្សាន្ត ដើម្បីទទួលបានចំនួន Like View និង Share ច្រើនជាងគេ។

កម្មវិធីប្រគល់រង្វាន់នេះ ត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងផ្សារទំនើប Aeon Mall នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ក្រោមប្រធានបទ មួយជំហានដល់សហរដ្ឋអាមេរិក។ នៅក្នុងកម្មវិធីនោះ ក្រុមហ៊ុនអាកាសចរណ៍ EVA Air បានធ្វើការប្រកាស ម្ចាស់ជយលាភី៥រូប ក្នុងចំណោមបេក្ខជនចុងក្រោយចំនួន១០រូប។ ឆ្លងកាត់ការប្រកួតអស់រយៈពេល១ខែ លើការថតដេអូដំណើរកម្សាន្តផ្ទាល់ខ្លួន ក្នុងចំណោមបេក្ខជនចូលរួមសរុប១៤៤នាក់ ទីបំផុតក្រុមហ៊ុនអាកាសចរណ៍ EVA Air បានស្វែងរកឃើញ៖

*ជយលាភីលេខ ១ បានទៅលើបេក្ខជន សម សុផានិច ជាមួយរង្វាន់សំបុត្រយន្តហោះ ធ្វើដំណើរទៅមកសហរដ្ឋអាមេរិក ចំនួន១សន្លឹក
*ជយលាភីលេខ ២ បានទៅលើបេក្ខជន សុខ ពេជ្រវិសុទ្ធ ជាមួយរង្វាន់សំបុត្រយន្តហោះធ្វើដំណើរទៅមកតៃវ៉ាន់ ចំនួន១សន្លឹក
*ជយលាភីលេខ ៣ បានទៅលើបេក្ខជន ជា សុខបូរី ជាមួយរង្វាន់ទឹកប្រាក់ចំនួន១០០ដុល្លារ
*ជយលាភីលេខ ៤ បានទៅលើបេក្ខជន សេង ធារឹទ្ធ ជាមួយរង្វាន់ទឹកប្រាក់ចំនួន៥០ដុល្លារ
*ជយលាភីលេខ ៥ បានទៅលើបេក្ខជន ឈិន ឡុង ជាមួយរង្វាន់ទឹកប្រាក់ចំនួន៥០ដុល្លារ

គួររំលឹកផងដែលថា តាមលក្ខខណ្ឌនៃការប្រកួតប្រជែងនោះគឺ បេក្ខជនត្រូវថតវីដេអូ ឬយករូបថតដំណើរកម្សាន្តមកធ្វើ ជាកម្រងឃ្លីបវីដេអូខ្លី អមជាមួយនឹងបទភ្លេង ដែលខ្លួនពេញចិត្តរួចផ្ញើមកកាន់ បណ្តាញសង្គមហ្វេសប៊ុកផេករបស់ EVA Airways Corp ដើម្បីចូលរួមប្រកួត។ ក្នុងចំណោមវីដេអូទាំង ១៤៤ ដែលបានផ្ញើមកចូលរួម ប្រកួតមានតែវីដេអូចំនួន ១០ ប៉ុណ្ណោះដែលត្រូវបានជ្រើសរើស មកចូលរួមវគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ មួយជំហានដល់សហរដ្ឋអាមេរិក កន្លងទៅនេះដោយផ្អែកលើការរាប់ចំនួន Like View និង Share របស់វីដេអូនីមួយៗនៅលើបណ្តាញសង្គមហ្វេសប៊ុក និងការវាយតម្លៃទៅលើភាព ច្នៃប្រឌិតរបស់វីដេអូតាមរយៈ ការវិនិច្ឆ័យពីសំណាក់ក្រុមការងារ។

EVA Air ជាក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិរបស់តៃវ៉ាន់ដែលមានមូលដ្ឋាននៅអាកាសយានដ្ឋានអន្តរជាតិ Taoyuan នាកោះតៃវ៉ាន់ ជិតទីក្រុងតៃប៉ិកោះតៃវ៉ាន់ ដែលប្រតិបត្ដិការ សេវាកម្មដឹកអ្នកដំណើរ និងទំនិញ ទិសដៅហោះហើរអន្ដរជាតិជាង ៤០ នៅក្នុងតំបន់អាស៊ី អូស្ត្រាលី អឺរ៉ុប និងអាមេរិកខាងជើង។ EVA Air គឺជាក្រុមហ៊ុនមួយដែលមានភាគហ៊ុនិកជាឯកជនភាគច្រើន ហើយធ្វើការហោះហើរលើបណ្ដាញមូលដ្ឋានអន្តរជាតិពេញលេញ។ EVA Air ត្រូវបានក្រុមប្រឹក្សា Skytrax ចាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយ ៥ ហើយជាក្រុមហ៊ុនអាកាសចរណ៍ធំទី ២ របស់តៃវ៉ាន់។ EVA Air បានចូលរួមជាមួយ Star Alliance នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣៕