(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦នេះថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេច គឺគ្មានគោលការណ៍ដំឡើងពន្ធនោះទេ ប៉ុន្តែតម្រូវឲ្យមានការប្រមូលពន្ធឲ្យបានអស់ ដែលជាប្រភពចំណូលសម្រាប់សេដ្ឋកិច្ចជាតិ។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាស ដែលសម្តេចអញ្ជើញសម្ពោធដាក់ឲ្យដំណើរការរោងចក្រ ក្រុមហ៊ុន កូកាកូឡា តម្លៃជាង១០០លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដើម្បីតម្រូវការរបស់ប្រជាជនខ្លួន កម្ពុជាមិនត្រូវការដំឡើងពន្ធលើមុខទំនិញនានាទេ...កាលណាដំឡើងពន្ធ តម្លៃទំនិញក៏កើនឡើងដែរ អីចឹង ពេលនេះរាជរដ្ឋាភិបាល ហ៊ុន សែន អត់ដំឡើងពន្ធទេ តែត្រូវយកពន្ធឲ្យអស់។ ពន្ធដែលមិនទាន់បានយកត្រូវយកឲ្យអស់ ហើយតាមរយៈពន្ធដារនេះហើយ ដែលយើងមានទុនធ្វើវិនិយោគ មានទុនដំឡើងប្រាក់ខែ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្មករ កម្មការិនី ទាំងអស់ដែលកំពុងរងចាំដាច់ឆ្នាំ ម្យ៉ាងមានបានចូលឆ្នាំសាកលផង និងម្យ៉ាងបានដំឡើងបៀវត្សរ៍។ បើមន្ត្រីរាជការកម្លាំងប្រដាប់អាវុធផង បន់ឲ្យតែដល់ចូលឆ្នាំខ្មែរ ព្រោះត្រូវឡើងប្រាក់ខែ»។
សូមជម្រាបថា រយៈពេល១០ខែ ឆ្នាំ២០១៦ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធចូលថវិកាជាតិបានចំនួន ៥,២៦១,១៨៦.៤៨ លានរៀល ដែលស្មើនឹងប្រមាណ ១,៣១៥.២៩លានដុល្លារ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖